កាសែតបាងកកប៉ុស្ដិ៍ បានស្រង់សម្ដីលោក ជូរិន ឡាក់សាណា វិសិដ្ឋ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថៃ ដែលជាប្រធានគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះលើកទី ៥ (JTC) បានឲ្យដឹងថា ប្រទេសថៃ គឺត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្ដើមកិច្ចពិភាក្សាគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសបង់ក្លាដេស ហើយនឹងធ្វើការសិក្សាពីលទ្ធភាពរួមគ្នាឲ្យបានឆាប់បំផុត។
ប្រភពព័ត៌មានថៃ ដដែលនេះ បានឲ្យដឹងទៀតថា បង់ក្លាដេស គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់ប្រទេសថៃ នៅក្នុងតំបន់អាស៊ីភាគខាងត្បូង ខណៈដែលឥណ្ឌា និងប៉ាគីស្ថានគឺជាឈរលំដាប់ទី១ និងទី២។ ប្រទេសថៃ និងបង់ក្លាដេសមានទំហំពាណិជ្ជកម្មទេ្វភាគីប្រមាណ ជាង១ពាន់ ២០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ ដែលមានការធ្លាក់ចុះ៤,៤% ធៀបនឹងឆ្នាំ២០១៧។
ប្រទេសថៃ មានអតិរេកពាណិជ្ជកម្មជាមួយបង់ក្លាដេសដ៏ច្រើនលើសលុប ពោលគឺការនាំចេញរបស់ថៃ ទៅបង់ក្លាដេសមានរហូតដល់ទៅ ១ពាន់២០០ លានដុល្លារអាមេរិក ខណៈដែលការនាំចូលពីបង់ក្លាដេសមកវិញមានតែប្រមាណជិត៦០ លានដុល្លារអាមេរិកប៉ុណ្ណោះ។
សម្រាប់រយៈពេល១១ខែ ឆ្នាំ២០១៩កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនេះ សម្រេចបានតែជាង៩៨០ លានដុល្លារអាមេរិកប៉ុណ្ណោះ មានការធ្លាក់ចុះប្រមាណ១៧% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះដែរ ប្រទេសថៃ នាំចេញទៅបង់ក្លាដេសមានរហូតដល់ទៅប្រមាណ ៩០០ លានដុល្លារអាមេរិក។
ការនាំចេញរបស់ថៃ សំខាន់ៗទៅបង់ក្លាដេសមានដូចជា ស៊ីម៉ង់ត៌, បន្ទះផ្លាស្ទិច,ផលិតផលគីមី, វាយនភ័ណ្ឌ ដែក, ម៉ាស៊ីនត្រជាក់ គ្រឿងសម្អាត និងរថយន្ដ និងគ្រឿងបន្លាស់ជាដើម។ រីឯថៃមានតម្រូវការនាំចូលពីបង់ក្លាដេសមកវិញរួមមាន ផលិតផលសម្លៀកបំពាក់ក្នុងចំនួនតិច ឧបករណ៍វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ សាច់សត្វ គ្រឿងម៉ាស៊ីន ជាដើម។
តាំងពីឆ្នាំ២០០៦ មកទល់នឹងឆ្នាំ២០១៩នេះ ប្រទេសថៃ ក៏បានវិនិយោគផ្ទាល់នៅក្នុងប្រទេសបង់ក្លាសដេស សរុបមានប្រមាណ១ពាន់៥០០ លានដុល្លារអាមេរិក ភាគច្រើនក្នុងវិស័យកសិកម្ម កែច្នៃកសិកម្ម សណ្ឋាគារ និងទាក់ទងក្នុងវិស័យសេវាកម្មផ្សេងទៀត ខណៈដែលអំឡុងពេលដូចគ្នានេះ បង់ក្លាដេសក៏បានវិនិយោគនៅក្នុងប្រទេសថៃ ជាង ១ពាន់២០០ លានដុល្លារអាមេរិកផងដែរ។
បើតាមរដ្ឋមន្ត្រិក្រសួងពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា ប្រទេសបង់ក្លាដេសបានស្នើឲ្យថៃទម្លាក់ពន្ធនាំចូលឲ្យដល់ ០% ឬក៏ផ្ដល់ជូននូវពន្ធគយពិសេសសម្រាប់ទំនិញ ៣៦ មុខរបស់បង់ក្លាសដេស មានដូចជា ផិតផលធ្វើពីដើមក្រចៅ សម្លាក់បំពាក់ វាយនភ័ណ្ឌ និងស្បែកជើងជាដើម៕