លោកណារ៉ុង វ៉ូនស៊ូវ (Narong Woonsew) អភិបាលខេត្តភូកេត បានបញ្ជាក់ធានាដល់សាធារណជនថា គម្រោងបើកកោះភូកេតនឹងនៅតែបន្តបើកដំណើរការ ទោះបីជាបច្ចុប្បន្នមានករណីឆ្លងកើនខ្ពស់ក៏ដោយ។ ខេត្តនេះគ្រោងនឹងរឹតបន្តឹងវិធានការត្រួតពិនិត្យសម្រាប់អ្នកដំណើរជនជាតិថៃ ដោយតម្រូវឱ្យពួកគេបង្ហាញទាំងការធ្វើតេស្ត កូវីដ-១៩ (អវិជ្ជមាន) និងលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង។
គួរឱ្យដឹងដែរថា ភូកេតនៅតែជាខេត្តមួយដែលស្ថិតនៅតំបន់ពណ៌លឿងមានន័យថា ទាមទារឱ្យមានការឃ្លាំមើលយ៉ាងដិតដល់។ នៅកោះភូកេតបានរកឃើញអ្នកឆ្លងថ្មី៤០ករណីនៅថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាតួលេខ្ពស់បំផុតតាំងពីបើកកោះភូកេតដើម្បីទទួលទេសចរបរទេស ខណៈមកទល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩សរុបជិត២០០នាក់ហើយ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅលើកោះនេះ។
ទន្ទឹមនេះដែរ កាលពីថ្ងៃទី២៦ កក្កដា អាជ្ញាធរកក៏ដាក់ចេញបង្កើនវិធានការការពារកូវីដ-១៩ ដោយបិទហាងលក់ទំនិញអស់រយៈពេល ៧ថ្ងៃ និងបន្តការបិទសាលារហូតដល់ពាក់កណ្តាលខែសីហាដោយហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ១០០ នាក់ និងកំណត់គម្លាតលក់ដូរនៅតាមផ្សារ ដោយអនុញ្ញាតឲ្យមនុស្សនៅក្បែរគ្នាត្រឹម ៤ នាក់ប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ។
ចាប់តាំងពីការបើកកោះភូកេតនៅថ្ងៃទី ១ ខែកក្កដាសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំង បានមកដល់ខេត្តនេះចំនួនជាង ១ម៉ឺន១ពាន់នាក់ក្នុងនោះមនុស្ស ២៦ នាក់ត្រូវបានរកឃើញថាមាន កូវីដ-១៩ ។ ភាគច្រើននៃករណីថ្មីនៅភូកេត គឺកើតចេញពីអ្នកស្រុកជាពិសេសអ្នកដែលធ្វើដំណើរមកពីតំបន់ក្រហមដើម្បីស្វែងរកការងារធ្វើនៅកោះភូកេត។
យ៉ាងណាក៏ដោយចុះ លោកយុត្ថាសាក់ ស៊ូផាស៊ន អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបញ្ជាក់ថា ខេត្តនឹងមិនបញ្ឈប់ការបើកដំណើរការកោះភូកេតនោះទេ។ លោកបានបន្តទៀតថា អាជ្ញាធរត្រូវបន្តគម្រោងនេះឱ្យបានខ្ជាប់ខ្ជួនព្រោះខេត្តនេះ ជាទីតាំងសាកល្បងដ៏សំខាន់ និងជាគំរូសម្រាប់គោលដៅផ្សេងទៀត។ ខណៈដែរកោះសាមុយ កោះក្រាប៊ី ជាដើមគឺស្ថិតក្នុងគោលដៅបើកទទួលទេសចរបន្ទាប់។
សូមជ្រាបថា អាជ្ញាធរទេសចរណ៍ថៃបានបញ្ជាក់ថា ខ្លួនត្រូវការបន្ថែមកិច្ចខិតខំប្រឹងប្រែងបន្ដទៀតដើម្បីធ្វើឱ្យ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួននៅអាស៊ីធ្វើការដាក់ប្រទេសថៃចូលក្នុងបញ្ជីធ្វើដំណើរសុវត្ថិភាពរបស់ពួកគេ ខណៈថ្មីៗនេះ ថៃទើបតែត្រូវបានប្រទេសមួយចំនួនរួមទាំងអាមេរិក បានដកចេញពីបញ្ចីនេះ ក្រោយមើលឃើញករណីឆ្លងកូវីដ-១៩ក្នុងប្រទេសថៃ ហក់ឡើងខ្លាំង៕
អត្ថបទ៖ ស៊ើង និមល់