ការចំណាយនៅឱកាសឆ្លងឆ្នាំសកលខាងមុខនេះ ដែលត្រូវបានប៉ាន់ប្រមាណនេះ គឺជាការកើនឡើងប្រមាណ ២០% ពីចំនួនជាង២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧។
លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បាននិយាយថា ការចំណាយរបស់អ្នកប្រើប្រាស់ត្រូវគេរំពឹងថា នឹងមានភាពសកម្មបំផុត ក្នុងរយៈពេល ៣ ឆ្នាំមកនេះ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដែលមួយផ្នែកដោយសារតែគម្រោងបង្វិលប្រាក់ពន្ធត្រឡប់មកវិញរបស់រដ្ឋាភិបាល ហើយវាជាវិធានការ ល្អសម្រាប់សេដ្ឋកិច្ច។
កាលពីពេលថ្មីៗនេះ គណៈរដ្ឋមន្ត្រីបានអនុម័តកញ្ចប់លើកទឹកចិត្តជាបន្តបន្ទាប់ ដើម្បីបង្កើនការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ រួមទាំងគម្រោងការបង្វិលសងប្រាក់ពន្ធនៃកម្មវិធីនេះផងដែរ ដោយអ្នកប្រើប្រាស់អាចទាមទារប្រាក់ពន្ធបង្វិលត្រឡប់មកវិញរហូតដល់ជាង ១ ពាន់ដុល្លារ ក្នុងការកាត់ពន្ធសម្រាប់ទំនិញ និងសេវាកម្ម ដែលបានទិញនៅចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ។
ក្រៅពីទំហំចំណាយដែលកើនឡើងខ្លាំងនេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏បានព្យាករដែរថា ដំណើរទេសចរណ៍ក្នុងស្រុកនឹងកើនឡើងដល់សរុបជាង ៣លានដងក្នុងកំឡុងពេលចូលឆ្នាំថ្មីឆ្នាំសកលខាងមុខនេះ ដែលអាចបង្កើតចំណូលបានជិត ៣២២ លានដុល្លារក្នុងនោះតំបន់នៅភាគខាងជើងប្រទេសថៃនឹងទទួលបានអត្រាខ្ពស់បំផុតដល់ ៧៨%។
អាជ្ញាធរទេសចរណ៍នេះបាននិយាយថា ការប្រារព្ធពិធីខោនដូន ឬការរាប់ថយក្រោយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនៅតាមខេត្តចំនួន ១២ ត្រូវគេត្រៀមខ្លួនជាស្រេចដើម្បីទទួលបានភ្ញៀវទេសចរសរុបជិត ៩០ម៉ឺននាក់ ដោយនឹងផ្ដល់ប្រាក់ចំណូលជាង១២១លានដុល្លារ ហើយក្នុងនោះ ក្រុងបាងកករំពឹងទទួលបានចំណូលច្រើនជាងគេ៕