ថៃរំពឹងទទួលបានទេសចរអន្តរជាតិ១លាននាក់ក្នុងមួយខែ

ថៃរំពឹងទទួលបានទេសចរអន្តរជាតិ១លាននាក់ក្នុងមួយខែ នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ


អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ រំពឹងថា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២២នេះ នឹងស្រូបទាញបានភ្ញៀវទេសចរអន្តរជាតិ ១លានាក់ក្នុងមួយខែ នាអំឡុងរដូវកាលដែលមានភ្ញៀវទេសចរធ្វើដំណើរកម្សាន្ដច្រើន ខណៈដែលប្រទេសថៃ ទើបតែបានដកចោលចេញនូវវិធានការតឹងរ៉ឹងជាច្រើនលើការធ្វើដំណើរពីក្រៅប្រទេស។
Thailand expect tourists

ជាក់ស្ដែង តាំងពី​ដើមខែ​កុម្ភៈ​មក ពោល​គឺ​បន្ទាប់​ពី​អាជ្ញាធរ​លុប​ចោលការ​ធ្វើតេស្ដ​កូ​វី​ដ​១៩​លើ​អ្នកដំណើរ​បរទេស មុន​ពេល​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​រួច​មក គេ​សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ចុះ​ឈ្មោះ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ តាម​រយៈ​កម្មវិធី Thailand Pass គឺ​បាន​កើនឡើង​យ៉ាង​គំហុក​តែ​ម្ដង​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​ថៃ​បាងកក​ប៉ុស្ដិ៍​។

អភិបាល​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ លោក យុទ្ធ​ស័ក្ដិ សុ​ផាស​ន បាន​លើក​ឡើង​ថា ទោះបីជា​ប្រទេស​ថៃ មាន​កត្តា​ប្រឈម​ដូច​ជា ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ថយ​ចុះ​, សេដ្ឋកិច្ច​មិនសូវ​ល្អ​, វិបត្តិ​ស​ង្ក្រា​ម​នៅ​អ៊ុយ​ក្រែ​ន​, បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​, និង​ការ​ប្រកួតប្រជែង​ដ៏​ក្ដៅ​គគុក​ពី​បណ្ដា​ប្រទេស​គោលដៅ​ទេសចរ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ក្ដី ប៉ុន្ដែ ប្រទេស​ថៃ​នៅ​តែ​ប្រកាន់ខ្ជាប់​គោលដៅ​ទទួល​បាន​ទេសចរ​អន្តរជាតិ​ឲ្យ​បាន​ក្នុង​ចន្លោះ​ពី ៧ ទៅ​១០​លា​នាក់​។ ជាក់ស្ដែង គិត​តាំងពី​ដើមឆ្នាំ​រហូត​ដល់​មក​ត្រឹម​ថ្ងៃ​ទី ២៥ ខែមេសា ប្រទេស​ថៃ​ទទួល​បាន​អ្នកដំណើរ​បរទេស​សរុប​ជាង​៧១​ម៉ឺន​នាក់​។ ហើយ​គិត​នៅ​ក្នុង​ខែមេសា​តែ​១​ប៉ុណ្ណោះ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រំពឹង​ថា មាន​ប្រមាណ​៣០​ម៉ឺន​នាក់​។ កំណើន​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល បាន​សម្រេច​លុប​ចោលការ​តម្រូវ​ឲ្យ​ធ្វើតេស្ដ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​៧២​ម៉ោង​សម្រាប់​អ្នកដំណើរ​ពី​ក្រៅប្រទេស មុន​ពេល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ ដោយ​ការ​លុប​ចោល​វិធានការ​នេះ គឺ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១ ខែមេសា​មក​ម្ល៉េះ​។

លោក យុទ្ធ​ស័ក្ដិ បាន​និយាយ​ថា ទីផ្សារ​គួរតែ​ប្រមូលផ្ដុំ​នៅ​អំឡុង​រដូវ​កាលដែល​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​នៅ​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ហើយ​ប្រទេស​ថៃ​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាង​ហោច​ណាស់​១​លាន​នាក់ ក្នុង​មួយ​ខែ ចាប់ពី​ខែតុលា​តទៅ​។ បន្ថែម​ពី​នេះ ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​លើ​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​កាន់តែ​ប្រសើរ​ជាង​មុន​ចាប់ពី​ថ្ងៃ​ទី ១ ខែឧសភា ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់តែ​ច្រើន​ផង​ដែរ​។

យ៉ាងណាមិញ សម្រាប់​ទីផ្សារ​រយៈពេល​វែង​ដូច​ជា ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា ជា​ពិសេស​អា​រ៉ាប់​ប៊ី​សា​អូឌីត រួម​ទាំង​សហរដ្ឋអាមេរិក កា​ណា​ដា អា​មេ​រិ​កឡា​ទី​ន និង​បណ្ដា​ប្រទេស​អឺរ៉ុប ក៏​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​គោលដៅ​ទេសចរណ៍​សម្រាប់​ថៃ​ដែរ​។

តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ពិភពលោក (WTTC) បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២១ មេ​សា បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក ត្រូវ​បាន​រំពឹង​ថា នឹង​វិល​មក​រក​កម្រិត​ដូច​មុន​ពេល​មិន​ទាន់​មាន​កូ​វី​ដ​១៩​រាតត្បាត​ឡើង​វិញ នៅ​ឆ្នាំ​២០២៣​នេះ ដោយ​គេ​រំពឹង​ថា អត្រាកំណើន​នៅ​ឆ្នាំ​២០២៣ នឹង​កើន​លើស​កំណើន​ពី​ឆ្នាំ​២០២២ ដល់​ទៅ ៥,៨% នៅ​គ្រា​ដែល​កំណើនសេដ្ឋកិច្ច​ពិភពលោក​រំពឹង​កើនឡើង​ត្រឹមតែ ២,៧%​ប៉ុណ្ណោះ​។ តាម​រយៈ​កំណើន​ស្ទុះ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ឆ្នាំ​ក្រោយ​នេះ ត្រូវ​បាន​ស្ថាប័ន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ពិភពលោក​ព្យាករ​ទៀត​ថា នឹង​អាច​បង្កើត​ការងារ​ថ្មី​ៗ​បាន​ដល់​១២៦​លាន​កន្លែង​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ឥណ្ឌារឹបអូសមូលនិធិ ៧២៥លានដុល្លាររបស់ក្រុមហ៊ុនចិន Xiaomi ពាក់ព័ន្ធនឹងការផ្ញើប្រាក់ខុសច្បាប់ទៅក្រៅប្រទេស

ប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃទី៣០មេសាថា ខ្លួនបានរឹបអូសទឹកប្រាក់ចំនួន ៧២៥ លានដុល្លារពីគណនីធនាគារក្នុងស្រុករបស់ក្រុមហ៊ុនចិន Xiaomi បន្ទាប់ពី…

មន្ត្រីជាន់ខ្ពស់រុស្ស៊ី៖ ហានិភ័យនៃសង្គ្រាមអាវុធនុយក្លេអ៊ែរចាំបាច់ត្រូវតែរក្សាឱ្យបានក្នុងកម្រិតជាអប្បបរមា

ប្រទេសរុស្ស៊ីជឿថា គេនឹងរក្សាបាននូវហានិភ័យនៃសង្គ្រាមអាវុធនុយក្លេអ៊ែរនៅក្នុងកម្រិតអប្បបរមា ហើយជម្លោះប្រដាប់អាវុធណាមួយរវាងមហាអំណាចនុយក្លេអ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ