ដើម្បីឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យបាន ៤០លាននាក់ ក្នុងឆ្នាំ ២០១៩នេះ រាជរដ្ឋាភិបាលថៃ មិនបាននៅស្ងៀម រង់ចាំលទ្ធផលនោះទេ គឺបានស្វះស្វែងរក វិធានការជាបន្តបន្ទាប់ធ្វើយ៉ាងណាសម្រេចឲ្យបាននូវផែនការដែលបានគ្រោងទុក។
តួយ៉ាង អាជ្ញាធរទេសចរណ៍ថៃ បាននិងកំពុងចរចាទាក់ទាញភ្ញៀវទេសចរ មកពីខេត្តមួយចំនួននៃប្រទេសវៀតណាម ដូចជា ហៃហ្វ៊ុង ណាត្រាង ដាឡាត និងកាន់ ធូ ជាដើម ដោយផ្តល់នូវតម្លៃសំបុត្រសមរម្យ សម្រាប់ជើងហោះហើរត្រង់មកកាន់ប្រទេសថៃ។ នេះបើតាមការបញ្ជាក់ពី លោកស្រី ណាផាសន កាកៃ ប្រធានការិយាល័យប្រចាំនៅទីក្រុងហូជីមិញនៃ អាជ្ញាធរទេសចរណ៍ថៃ។
លើសពីនេះទៅទៀត ថៃ ក៏បន្តរកយុទ្ធសាស្រ្តទាក់ទាញ ភ្ញៀវទេសចរចំណូលខ្ពស់ មកពីប្រទេសឡាវ ដែលភាគច្រើនចូលចិត្តស្វែងរកសេវាកម្មសុខភាព សម្រស់ និងការដើរទិញទំនិញ។
ភាគច្រើននៃភ្ញៀវទេសចរចំណូលខ្ពស់របស់ ឡាវ គឺជាអ្នកនយោបាយ មន្រ្តីរាជការ និងពាណិជ្ជករជំនាន់ថ្មី ហើយភ្ញៀវប្រភេទនេះ ចំណាយប្រមាណ ១.៥០០ដុល្លារអាមេរិក ក្នុងមួយនាក់ ដោយស្នាក់នៅរយៈពេល ៤ថ្ងៃ។
គិតត្រឹមរយៈពេល ១១ខែ ដើមឆ្នាំ ២០១៩នេះ ថៃ ទទួលបាននូវ ភ្ញៀវទេសចរវៀតណាមជាង ៩សែននាក់ ដែលរកប្រាក់ចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក ហើយថៃ ក៏ទទួលបានភ្ញៀវទេសចរឡាវ ជាង ២លាននាក់ ដោយផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិថៃប្រមាណជិត ២ពាន់លានដុល្លារអាមេរិកផងដែរ។
អាជ្ញាធរទេសចរណ៍ថៃ ក៏បានបង្ហើបពីផែនការយុទ្ធសាស្រ្ត ក្នុងការសហការគ្នាជាមួយនឹង មន្ទីរពេទ្យឯកជន ផ្សារទំនើប ភោជនីយដ្ឋាន និងហាងទំនិញជាច្រើនប្រភេទ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ ឲ្យបានកាន់តែច្រើន និងចំណាយកាន់តែខ្ពស់បន្ថែមទៀត។
គួរជម្រាបដែរថា វិស័យទេសចរណ៍ថៃ គឺជាយាននាំមុខមួយរបស់កំណើនសេដ្ឋកិច្ចជាតិថៃ ដែលបានចូលរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប ហើយនៅឆ្នាំ ២០១៩នេះ ហើយថៃ រំពឹងនឹងសម្រេចបានតាមគោលដៅ ទទួលបានភ្ញៀវទេសចរបរទេស ៤០លាននាក់ និងបង្កើតចំណូលជាង ៦៩ពាន់លានដុល្លារអាមេរិក៕