យានជំនិះសម្រាប់អ្នកដំណើរត្រូវតែទទួលបានវិញ្ញាបនបត្រស្តង់ដារប្រភេទ ហ្សារផ្លាស់ (SHA Plus) ដែលបញ្ជាក់ថា ក្រុមហ៊ុនពួកគេគោរពតាមគោលការណ៍សុខភាព និងបង្ការជំងឺកូវីដ ១៩ ហើយ ៧០% នៃបុគ្គលិកទាំងអស់ត្រូវតែបានចាក់វ៉ាក់សាំងរួចរាល់។
ប្រធានស្តីទីនៃក្រុមប្រឹក្សាទេសចរណ៍របស់ថៃលោក ឆន បុរី បាននិយាយថា ការខ្វះខាតយានជំនិះដឹកអ្នកដំណើរនេះ ដោយសារតែ រថយន្តដែលអាចចូលទទួលភ្ញៀវទេសចរនៅអាកាសយានដ្ឋានបាន គឺមានតែរថយន្តដែលមានស្លាកលេខពណ៌លឿងដែលជារថយន្តធ្វើអាជីវកម្ម និងស្លាកលេខពណ៌បៃតងដែលជារថយន្តរបស់ណ្ឋាគារតែប៉ុណ្ណោះ។ ដូចនេះហើយ ចំនួនយានជំនិះទាំងនោះ គឺមិនគ្រប់គ្រាន់សម្រាប់បម្រើភ្ញៀវទេសចរនោះទេ ខណៈដែលតម្លៃដឹកជញ្ជូនវិញក៏ឡើងខ្ពស់ជាងធម្មតាផងដែរ។
លោក ឆន បុរី បានបន្តទៀតថា លំហូរភ្ញៀវទេសចរនឹងដំណើរការកាន់តែរលូនជាងនេះទៅទៀត ប្រសិនបើអនុញ្ញាតឱ្យអ្នកបើកបររថយន្តស្លាកលេខទូទៅ អាចចូលទៅទទួលភ្ញៀវទេសចរនៅព្រលានយន្តហោះថៃក្នុងដំណាក់កាលដំបូងនៃការបើកដំណើរការឡើងវិញនេះ។ ទន្ទឹមនេះ យានជំនិះសម្រាប់អ្នកដំណើរត្រូវតែទទួលបានវិញ្ញាបនបត្រស្តង់ដារប្រភេទ ហ្សារផ្លាស់ (SHA Plus) ដែលបញ្ជាក់ថា ក្រុមហ៊ុនពួកគេគោរពតាមគោលការណ៍សុខភាព និងបង្ការជំងឺកូវីដ ១៩ ហើយ ៧០% នៃបុគ្គលិកទាំងអស់ត្រូវតែបានចាក់វ៉ាក់សាំងរួចរាល់។
ជុំវិញបញ្ហានេះ ប្រតិបត្តិករទេសចរណ៍ថៃ នឹងពិភាក្សាជាមួយការិយាល័យដឹកជញ្ជូនខេត្ត និងការិយាល័យទេសចរណ៍ខេត្ត ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងប្រទេសរបស់ខ្លួនផងដែរ។
សូមជម្រាបថា អ្នកគ្រប់គ្រងទូទៅអាកាសយានដ្ឋានសុវណ្ណភូមិបាននិយាយថា ជើងហោះហើរសរុប ចំនួន ៦១ ជើងបានមកដល់នៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញ ហើយភាគច្រើនជាអ្នកដំណើរមកពីអឺរ៉ុប ដោយមានអ្នកដំណើរសរុបប្រហែល ៣ ពាន់នាក់ ក្នុងនោះ មានជនបរទេសចំនួន ២ ពាន់ ៣ រយនាក់៕