គណៈកម្មាធិការដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ គឺមានសិទ្ធិអំណាចក្នុងការពិនិត្យ ពិដានបំណុលនេះ រៀងរាល់ ៣ឆ្នាំម្តង ដោយរាប់បញ្ចូលទាំងឆ្នាំ ២០២១នេះផងដែរ។
គណៈកម្មាធិការនេះ គឺបង្កើតឡើងដោយមានតំណាងមកពី ក្រសួងហិរញ្ញវត្ថុ ធនាគារកណ្តាលថៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម និង ការិយាល័យថវិកាជាតិ។
កាលពីឆ្នាំ ២០២០កន្លងទៅ រាជរដ្ឋាភិបាលថៃ បានដាក់ចេញនូវច្បាប់អនុញ្ញាតប្រាក់កម្ចីសង្គ្រោះបន្ទាន់ ជាលើកដំបូង ដែលមានទំហំទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារអាមេរិក ដើម្បីចាក់បញ្ចូលទៅក្នុងផែនការប្រយុទ្ធប្រឆាំងនឹង វិបត្តិមេរោគកូវីដ១៩ ហើយចូលមកដល់ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលថៃ ក៏បានអនុម័តជាលើកទី ២ ក្នុងការខ្ចីប្រាក់បន្ថែម ១៥ពាន់លានដុល្លារអាមេរិកទៀត។
ក្នុងខែកញ្ញា ឆ្នាំ ២០១៩ បំណុលសាធារណៈរបស់ថៃ ស្ថិតនៅរង្វង់ ២០៦ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤១% នៃផលិតផលក្នុងស្រុកសរុប ហើយតួលេខនេះ បានកើនឡើងមកដល់ ២៦៧ពាន់លានដុល្លារអាមេរិក ឬ ៥៥% នៃ GDP គិតត្រឹមខែកក្កដា ឆ្នាំ ២០២១នេះ រុញច្រានដោយកម្ចីលើកទី ១ ជាង ៦០ពាន់លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលថៃកាលពីកន្លងទៅនេះ។
សេដ្ឋវិទូ និង ស្ថាប័នឯកជនជាច្រើន បានស្នើឲ្យ រាជរដ្ឋាភិបាលថៃ បង្កើនការខ្ចីប្រាក់បន្ថែម ដើម្បីជួយស្រោចស្រង់ដល់សេដ្ឋកិច្ចដែលកំពុងអន់ខ្សោយ និងកប់ផុងកាន់តែជ្រៅ ដោយសារតែការអូសបន្លាយនៃវិបត្តិមេរោគកូវីដ១៩។
យ៉ាងណាក៏ដោយចុះ ក៏មានការតិះតៀនមួយចំនួនជុំវិញនឹងការបង្កើនពិដានបំណុលរបស់រដ្ឋថៃនេះ ដោយប្រភពខ្លះបានលើកឡើងថា បំណុលសាធារណៈរបស់ថៃ អាចនឹងកើនឡើងលើសពី ៦០% បើសិនជា រាជរដ្ឋាភិបាលថៃ ខ្ចីប្រាក់បន្ថែម ហើយកំណើនសេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ចុះទាប ឬ អាចឈានទៅរកអវិជ្ជមាន។
សូមជម្រាបថា អត្រាពិដានបំណុលរបស់រាជរដ្ឋាភិបាលថៃ កំណត់ត្រឹម ៦០% គឺមានជាយូរណាស់មកប៉ុន្ដែ ថៃក៏ធ្លាប់បានទម្លាក់អត្រាពិដានបំណុលនេះមកនៅត្រឹម ៥៥% ម្ដងផងដែរ ប៉ុន្ដែ ក៏បានដំឡើងមកវិញ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍