ត្រូវបានដកស្រង់សម្ដី ដោយកាសែតបាងកកប៉ុស្ដិ៍ លោកស្រី ឈុតទីម៉ា បាយ៉ាប្រាផាសារ៉ា អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ក្រសួងកំពុងរៀបចំដាក់ស្នើសុំវិធានការជំនួយរបស់រដ្ឋ ដែលគ្របដណ្ដប់លើផ្ទៃដីដាំដុះស្រូវជាង ៥៨ លានរ៉ៃ ទៅកាន់កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយ និង គ្រប់គ្រងស្រូវអង្ករ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា នៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ដើម្បីអនុម័តកញ្ចប់ថវិកាប្រមាណ ៦ពាន់លានដុល្លារនោះ។
វិធានការទ្រទ្រង់ស្រូវអង្ករលើកនេះ ក៏មិនខុសគ្នានឹងការផ្ដល់ជូនលើការដាំដុះស្រូវ កាលពីឆ្នាំ២០១៧ -២០១៨ នោះដែរ ដែលក្នុងនោះ គឺមានរួមបញ្ជូលទាំង ហិរញ្ញប្បទានឥតសំណង ១២០០បាត ឬស្មើនឹងប្រមាណ ៣៦ ដុល្លារអាមេរិក សម្រាប់ការប្រមូលផលច្រូតកាត់លើផ្ទៃដី ១រ៉ៃ រីឯតម្លៃសម្រាប់ការអភិវឌ្ឍគុណភាពស្រូវអង្ករវិញ គឺមានផ្ដល់ជូន ១២.០០០បាត ឬស្មើនឹងប្រមាណ ជាង ៣៦០ ដុល្លារអាមេរិក សម្រាប់កសិករ មួយគ្រួសារ។ បន្ថែមពីនេះ ក៏មានការផ្ដល់ជូន ១.៥០០បាត ឬស្មើនឹងប្រមាណ ៤៥ ដុល្លារអាមេរិក បន្ថែមទៀត សម្រាប់ទិន្នផលស្រូវ ១តោន ឲ្យទៅកសិករ ដែលយល់ព្រមចូលរួម រក្សាស្ដុកទុកស្រូវរបស់ពួកគេនៅក្នុងជង្រុក ដោយមិនសម្រុកបញ្ចេញលក់ភ្លាមៗក្រោយពីប្រមូលផល។
លោកស្រី Chutima ជំរុញឲ្យកសិករ ពន្លឿនការចុះឈ្មោះជាមួយនឹងក្រសួងកសិកម្ម ដើម្បីទទួលបានជំនួយទាំងនេះពីរដ្ឋ។ យ៉ាងណាក៏ដោយ កាលពីឆ្នាំមុន មានកសិករខ្នាតតូច ៤លានគ្រួសារ បានមកចុះឈ្មោះជាមួយនឹងក្រសួងកសិកម្ម ប៉ុន្តែ គិតមកទល់ពេលនេះ មានតែ ៥៤ម៉ឺន គ្រួសារប៉ុណ្ណោះ ដែលបានចុះឈ្មោះ។
បើតាមការគូសបញ្ជាក់ពីលោកស្រី អនុប្រធានក្រសួងពាណិជ្ជកម្មថៃ ចំនួននេះ គឺមានតិចណាស់ ហើយវាក៏ធ្វើឲ្យរាជរដ្ឋាភិបាល មានការលំបាកក្នុងការរៀបចំគម្រោងជួយដល់ពួកគេ ដោយសារតែកង្វះទិន្នន័យផលិតកម្ម។
លោក Boonyarit Kalayanamit អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានលើកឡើងដែរថា តាមប្រសាសន៍ របស់លោកនាយករដ្ឋមន្ត្រីថៃ ផែនការនេះនឹងជួយទប់ស្កាត់កសិករ មិនឲ្យទទួលរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃទីផ្សារដំណាំ។ លោក Boonyarit បន្ថែមថា ក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំកិច្ចប្រជុំពិសេសមួយ ដែលមានការចូលរួមពី ក្រសួងចំនួន៣ សំខាន់ៗ នៅថ្ងៃទី២៨ ខែមិថុនានេះ ដើម្បី ជជែកអំពីតំបន់កសិកម្ម ការជំរុញកំណើនផលិតនៅក្នុងរោងចក្រក្នុងតំបន់នីមួយៗ និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងវិស័យឯកជន ដើម្បីជួយតភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញ និងអ្នកផលិត សំដៅបង្កើនតម្លៃបន្ថែមទៅឲ្យផលិតផលកសិកម្មជាដើម៕