បញ្ហានយោបាយនៅក្នុងប្រទេសថៃ និងជាពិសេសសំណុំរឿងជុំវិញការដោះស្រាយវិបត្តិកូវីដ១៩មិនបានល្អ របស់លោកប្រាយុទ្ធ ដែលបានឈានដល់ការបោះឆ្នោតដកសេចក្តីទុកចិត្ត បានក្លាយជាសំណុំរឿងក្តៅ និងទទួលបានការចាប់អារម្មណ៍នៅលើទំព័រមុខរបស់សារព័ត៌មានជាច្រើន ទាំងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ។
ជាក់ស្តែង សារព័ត៌មាន AP បានចុះផ្សាយថា នាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា និងរដ្ឋាភិបាលចម្រុះរបស់លោកបានទទួលសំឡេងគាំទ្រភាគច្រើនឲ្យបន្តការដឹកនាំប្រទេសជាបន្តទៀត។
ក្នុងចំណោមសមាជិកសភាទាំង៤៨២រូប លោកប្រាយុទ្ធទទួលបានសម្លេងគាំទ្រឲ្យនៅបន្តកាន់តំណែងប្រមាណ ២៦៤សំឡេង ទល់នឹងសម្លេងប្រឆាំងតែ២០៨សំឡេងប៉ុណ្ណោះ ដែលប្រការនេះអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីរូបនេះ អាចកាន់តំណែងជាក្បាលម៉ាស៊ីនប្រទេសថៃតទៅទៀត។ ក្រៅតែពីលោកប្រាយុទ្ធ ក៏មានដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក អានុទីន ចាន់វីរ៉ាគុល និងសមាជិកគណៈរដ្ឋមន្ត្រី ៤រូបផ្សេងទៀត ដែលគណបក្សប្រឆាំងបានចោទប្រកាន់ទាក់ទិននឹងរឿងពុករលួយ គួបផ្សំនឹងការគ្រប់គ្រងស្ថានភាពកូវីដ-១៩មិនបានល្អ ក៏បានរួចផុតពីការបោះឆ្នោតទម្លាក់នេះផងដែរ។
គួររំឭកថា នេះគឺលើកទី៣ហើយចាប់តាំងពីឆ្នាំ២០១៤មក ដែលលោកប្រាយុទ្ធ ចាន់អូចា ក្នុងនាមជានាយករដ្ឋមន្ត្រី ត្រូវបានសមាជិកសភា ពិសេសតំណាងរាស្ត្រមកពីគណៈបក្សប្រឆាំងជជែកសួរដេញដោល ក្នុងសំណុំរឿងផ្សេងៗគ្នា ប៉ុន្តែនៅរាល់លើក បក្សប្រឆាំងនៅតែមិនអាចទាញទម្លាក់រដ្ឋាភិបាលរបស់លោកប្រាយុទ្ធបានឡើយ។
សម្រាប់លើកនេះ អ្នកនយោបាយមកពីគណបក្សប្រឆាំងនៅថៃបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ថាដឹកនាំមិនបានល្អលើបញ្ហាកូវីដ១៩ និងរិះគន់លើការប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។ នៅមានបញ្ហាមួយចំនួនទៀតដូចជា ការដាក់ផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលជូនប្រជាជនយឺតយ៉ាវ ការសម្រេចមិនចូលរួមជាមួយយន្តការ COVAX ជាដើម ក៏ជាដើមចមដែលធ្វើឱ្យកើតមានការការបោះឆ្នោតដកសេចក្តីទុកចិត្តលើលោកប្រយុទ្ធដែរ។
សូមជម្រាបថា ទោះបីបក្សប្រឆាំងនៅក្នុងរដ្ឋសភាតាមរយៈនិតិវិធីច្បាប់មិនអាចទាញទម្លាក់លោកប្រយុទ្ធចេញពីកៅអីនាយករដ្ឋមន្ត្រីបានក៏ដោយ ប៉ុន្តែក្រុមយុវជនស្រលាញ់ប្រជាធិបតេយ្យថៃបានសន្យាថា នឹងបន្តរៀបចំបាតុកម្មក្នុងក្រុងបាងកកបន្តទៀត ដើម្បីបន្តទាមទារឲ្យលោកប្រយុទ្ធចុះចេញពីតំណែងឲ្យខានតែបាន៕