យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English នៅថ្ងៃទី២១ ខែតុលា កងទ័ពជើងគោកថៃ បានចេញមុខសាជាថ្មី ព្យាយាមប្រឌិតរឿងចោទប្រកាន់មកលើកម្ពុជាថា បានប្រើប្រាស់ប្រាសាទបេតិកភណ្ឌពិភពលោកមួយនេះធ្វើជាមូលដ្ឋានយោធា ដែលជាលេសលាងជម្រះអំពើខុសច្បាប់ដដែលៗ និងគ្មានមូលដ្ឋានច្បាស់លាស់។
កងទ័ពជើងគោកថៃ បានបន្តប្រើលេសដដែលៗដោយចោទប្រកាន់កម្ពុជា ថា បានប្រើប្រាស់ប្រាសាទព្រះវិហារធ្វើជាទីតាំងយោធាដើម្បីបើកការវាយប្រហារលើខ្លួន ក្នុងចេតនាលុបលាងទង្វើឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងគេចវេះពីការទទួលខុសត្រូវ។ អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោក រីតឆា ស៊ុកស៊ូវ៉ាណុន (Ritcha Suksuwanon) ព្រមទាំងអ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវ៉ារី (Winthai Suvaree) បានលើកឡើងទាំងគ្មានមូលដ្ឋានថា កម្ពុជា បានបំពាក់អាវុធធុនធ្ងន់ និងប្រព័ន្ធប្រឆាំងដ្រូននៅក្នុងបរិវេណប្រាសាទព្រះវិហារ។ ប៉ុន្តែការចោទប្រកាន់បែបអគតិដដែលៗនេះ ត្រូវបានភាគីកម្ពុជា ច្រានចោលជាច្រើនលើកច្រើនសារ ហើយបានទាមទារឱ្យភាគីថៃ បង្ហាញភស្តុតាង និងសក្ខីកម្មជាក់ស្តែងជាជាងការប្រឌិតរឿងតាមអំពើចិត្ត។
កាលពីពេលថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការថ្លែងទាំងបំពានរបស់រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ជុំវិញបញ្ហានេះដែរ។ ក្រសួងបានរំលឹក និងប្រាប់ភាគីថៃឡើងវិញអំពីសាលក្រមជាស្ថាពររបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានសម្រេចយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា។
កម្ពុជា បានសង្កត់ធ្ងន់ថា ប្រាសាទព្រះវិហារ គឺជាវិមានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ ដែលមានតម្លៃជាសកល និងមិនដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះឡើយ។ ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជា បានបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការការពារបេតិកភណ្ឌនេះសម្រាប់តែគោលបំណងសន្តិភាព វប្បធម៌ និងសាសនាតែប៉ុណ្ណោះ។
ក្រសួងវប្បធម៌កម្ពុជា បានគូសបញ្ជាក់ថា វត្តមានរបស់សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា នៅទីនោះ គឺដើម្បីការពារទ្រព្យសម្បត្តិវប្បធម៌ជាតិ និងមនុស្សជាតិ មិនមែនជាប្រតិបត្តិការយោធាដូចការលាបពណ៌របស់ថៃ នោះឡើយ។ ក្រសួងបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងចោទប្រកាន់រឿងប្រាសាទព្រះវិហារជាមូលដ្ឋានយោធារបស់ភាគីថៃ ដដែលៗនេះ គឺជាការប្រមាថដល់អំណាចសាលក្រមតុលាការអន្តរជាតិ ICJ និងជាចេតនាអាក្រក់ក្នុងការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ដែលមិនអាចទទួលយកបានឡើយ៕