គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដំឡើងអត្រាការប្រាក់គោល០.២៥%បន្ថែមទៀតឱ្យឡើងដល់អត្រា២.២៥%ដូចដែលខ្លួនបានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ថានឹងធ្វើការដំឡើងបន្ថែមនៅដើមខែសីហានេះ។
គណៈកម្មាធិការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងបរិបទនៃការបន្តជំរុញបង្កើនសេដ្ឋកិច្ច គោលនយោបាយរូបិយវត្ថុគួរតែរក្សាអតិផរណាប្រកបដោយស្ថិរភាពនៅក្នុងកម្រិតគោលដៅ និងជំរុញស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុរយៈពេលវែងតាមរយៈការជំរុញឱ្យបង្កើតអតុល្យភាពហិរញ្ញវត្ថុដែលអាចកើតឡើងនៅក្នុងអត្រាការប្រាក់ទាបសម្រាប់រយៈពេលវែង។
គណៈកម្មាធិការនេះបានបន្ថែមថា អត្រាការប្រាក់គោលកើនខ្ពស់ក៏ជាផ្នែកមួយជួយរក្សាជំហរគោលនយោបាយផងដែរក្រោយពីមានទស្សនវិស័យមិនច្បាស់លាស់កាន់ខ្លាំងឡើង។
គណៈកម្មាធិការនេះក៏បានព្យាករផងដែរពីអត្រាអតិផរណានៅឆ្នាំនេះថាស្ថិតនៅអត្រា ២.៥%ដែលស្ថិតនៅក្នុងកម្រិតគោលដៅរបស់ធនាគារកណ្តាលនៅចន្លោះពី១%ទៅ៣%។ តួលេខអតិផរណានៅខែមិថុនាបានកើនឡើងត្រឹមតែ ០.២៣%បើធៀបនឹងឆ្នាំមុន និងស្ថិតនៅទាបជាងកម្រិតគោលដៅរបស់ធនាគារនេះ។
ប៉ុន្តែ អ្នកសេដ្ឋកិច្ចមួយចំនួនដែលត្រូវបានស្ទង់មតិក្នុងខែកក្កដាកន្លងមកឃើញថា ធនាគារ កណ្តាលថៃនេះ អាចនឹងដំឡើងអត្រាការប្រាក់គោលម្ដងទៀតនៅក្នុងកិច្ចប្រជុំនៅខែកញ្ញាក្រោយនេះប្រសិនបើការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនរឹងមាំបានជំរុញឱ្យអតិផរណាកើនឡើងម្តងទៀតមែននោះ។
ក្រោយពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភាហើយ គណៈកម្មាធិការរូបិយវត្ថុរបស់ថៃបានធ្វើកិច្ចប្រជុំមួយដោយទទួលស្គាល់នៅក្នុងខែឧសភាថា សក្ដានុពលអតិផរណាគឺអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលដែលនឹងចូលមកកាន់អំណាចក្នុងពេលខាងមុខ។ គណបក្សឈ្នះឆ្នោតទាំង២ គឺបក្សឆ្ពោះទៅមុខ និងបក្សភឿថៃ បានធ្វើយុទ្ធនាការដោយបង្ហាញពីគោលនយោបាយស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលធនាគារកណ្តាលថៃ បានព្រមានថាអាចជំរុញឱ្យតម្លៃពលកម្មកើនឡើងដែលប៉ះពាល់ដល់អ្នកប្រើប្រាស់។
ធនាគារកណ្តាលថៃបានចាប់ផ្តើមការរឹតបន្តឹងនៅក្នុងខែសីហា ឆ្នាំ២០២២បន្ទាប់ពីបានរក្សាអត្រាការប្រាក់គោលនៅកម្រិតទាបបំផុតគឺត្រឹម០.៥%ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ដោយសារជំងឺកូវីដ១៩បានប៉ះពាល់ដល់សេដ្ឋកិច្ច៕
អត្ថបទ៖ សុខ ជា