សំណើនេះ ត្រូវបានស្នើឡើងដោយ ការិយាល័យក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមរបស់ថៃ ហើយត្រូវបានអនុញ្ញាតក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃជាមួយនឹងវត្តមានលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha។ លោក Prayut បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងបញ្ចុះតម្លៃទឹកស្អាតចំនួន ១០% សម្រាប់ពលរដ្ឋទូទាំងប្រទេស។ បញ្ចុះថ្លៃអគ្គិសនីដល់សហគ្រាសតូចៗឲ្យប្រើប្រាស់ ៥០គីឡូវ៉ាត់ឥតគិតថ្លៃចាប់ពីខែកុម្ភៈ ដល់ខែមិនា និងអនុញ្ញាតឲ្យពលរដ្ឋប្រើអគ្គិសនី ៩០គីឡូវ៉ាត់ក្នុងមួយខែដោយឥតគិតថ្លៃផងដែរសម្រាប់រយៈពេល២ខែដូចគ្នា។
លើសពីនេះទៀតរដ្ឋាភិបាលថៃ បានគិតគូរពីគុណភាពការធ្វើការងារពីផ្ទះរបស់ពលរដ្ឋដោយអនុញ្ញាតឲ្យមានការប្រើប្រាស់អ៊ិនធឺណេតដោយមិនគិតថ្លៃផងដែរ។ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីថៃ
បានប្រាប់ទៅក្រសួងហិរញ្ញវត្ថុឲ្យត្រៀមរៀបចំប្រាក់ឧបត្ថម្ភចំនួន ៣៥០០បាត
ឬស្មើនឹងជាង ១១៦ ដុល្លារក្នុងមួយខែ សម្រាប់ខែកុម្ភៈនិងមីនា ដល់ពលរដ្ឋនិងកសិករថៃណា
ដែលរងផលប៉ះពាល់ និងបាត់បង់ការងារអំឡុងពេលនៃវិធានការបិទប្រទេស៕