បទបញ្ជាថ្មី ដែលបានដាក់ចេញដោយរដ្ឋបាលខេត្តស្រះកែវនេះ គឺនឹងចូលធរមាននៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០២០ ដោយសម្រួលលើការប្រើប្រាស់ផ្លូវសម្រាប់ការនាំចេញ នាំចូលជាពិសេសការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនខាវឌីន ស្រុកខ្លងហាត ទៅតាមប្រតិបត្តិការដូចខាងក្រោម៖
ទី១, អនុញ្ញាតឲ្យធ្វើការឆ្លងកាត់សម្រាប់យានជំនិះ ដឹកជញ្ជូនទំនិញ ដែលមានអ្នកបើក និងអ្នកត្រួតពិនិត្យមិនលើសពី ២នាក់ ចាប់ពីម៉ោង ៦ព្រឹកដល់ ម៉ោង៦ល្ងាច។
ទី២, ត្រួតពិនិត្យការធ្វើដំណើរចេញចូលរបស់បុគ្គល និងយានជំនិះ ដោយអនុវត្តយ៉ាងតម៉ឹងម៉ាត់តាមច្បាប់។
ទី៣, អនុញ្ញាតឲ្យនាំចូល នាំចេញ និងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដែលមិនមែនជាទំនិញហាមឃាត់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិ និងច្បាប់ពាក់ព័ន្ធ នៃមុខទំនិញ នីមួយៗ ព្រមទាំងតម្លៃលក់ទិញ ទៅតាមច្បាប់គយ។
និងទី៤, អនុញ្ញាតឲ្យមន្ត្រីគយ ត្រួតពិនិត្យទំនិញ និងយានជំនិះ ដែលដឹកទំនិញចេញចូល ពីប្រទេស។
ក្នុងលក្ខខណ្ឌស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ ខាងភាគីថៃ ក៏បានបើកច្រកព្រំដែនខ្លងលុក អនុញ្ញាតឲ្យអាជីវករខ្មែរនៅប៉ោយប៉ែតអាចចូលទៅដឹកជញ្ជូនទំនិញរបស់ពួកគេដែលជាប់គាំងនៅក្នុងទឹកដីថៃ អំឡុងពេលបិទព្រំដែនផងដែរ។ ដោយក្នុងនោះ អាជ្ញាធរថៃ ផ្ដល់ពេលវេលាតែ៥ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃសម្រាប់ឆ្លងចូលព្រំដែនថៃ៕