ប្រភពព័ត៌មាន ពីបាងកកប៉ុស្ដិ៍ បានឲ្យដឹងថា បន្ទាប់ពីជើងហោះហើរក្នុងស្រុកត្រូវបានបើកឡើងវិញនៅថ្ងៃសុក្រសប្ដាហ៍មុននេះ មានព្រលានយន្ដហោះភាគច្រើន លើកលែងតែ ព្រលានយន្ដហោះ សុវណ្ណភូមិ, ដន មឿង, និង U-Tapao គឺ នៅតែបន្ដបិទជើង ហោះហើរអន្តរជាតិ។
អាជ្ញាធរអាកាសចរស៊ីវិលថៃ បានដាក់បទបញ្ជា អនុញ្ញាតឲ្យអាកាសយានដ្ឋានអន្តរជាតិទាំងអស់ រួមមាន ក្រាប៊ី, ឈៀងម៉ៃ, ឈៀងរ៉ៃ, សាម៊ុយ, សារ៉ាត់ តានី, ហាត យ៉ៃ និងហួរ ហ៊ីន អាចគ្រប់គ្រងជើងហោះហើរអន្តរជាតិពិសេស ដូចជាប្រភេទអ្នកដំណើរជា ជនបរទេសធ្វើមាតុភូមិនិវត្ដ ឬក៏ជនជាតិថៃដែលធ្វើដំណើរពីក្រៅប្រទេសចូលក្នុងប្រទេសថៃវិញជាដើម។
ព្រលានយន្ដហោះ នឹងត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិការជើងហោះហើរអន្តរជាតិនេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៧ល្ងាច ដែលវាគឺដូចទៅនឹងម៉ោងប្រតិបត្តិការជើងហោះហើរក្នុងស្រុក ដែលត្រូវបានបើកដំណើរការឡើងវិញតាំងពីថ្ងៃទី០១ ខែឧសភាដែរ។
អាកាសយានដ្ឋានអន្តរជាតិភូកេត នឹងបន្តបិទសម្រាប់ប្រតិបត្តិការសាធារណៈ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ប៉ុន្ដែ នឹងអនុញ្ញាតឲ្យចុះចត ឬ ហោះហើរ សម្រាប់ជើងហោះហើរ ដែលមានអ្នកដំណើរបរទេសធ្វើដំណើរមាតុភូមិនិវត្ត។ ភូកេត គឺជាទីតាំងក្ដៅមួយនៃតំបន់ភាគខាងត្បូងនៃប្រទេសថៃ ដែលមានការរីករាលដាលនៃមេរោគ កូវីដ-១៩ ដោយមានអ្នកឆ្លងកូវីដ-១៩ចំនួន ២២០នាក់ និងស្លាប់២នាក់។
ទោះយ៉ាងណា កាលបរិច្ឆេទសម្រាប់ជើងហោះហើរពាណិជ្ជកម្ម ទៅមកពីគោលដៅក្រៅប្រទេសនោះ នៅតែបន្ដបិទចំពោះ ព្រលានយន្ដហោះអន្តរជាតិ បន្ទាប់ពីនៅថ្ងៃទី ២៧ មេសា អាជ្ញាធរបានសម្រេចពន្យារពេលបន្ថែមទៀតសម្រាប់ការបិទព្រលានយន្ដហោះនេះ ដោយការបិទនេះ នឹងបន្ដរហូតដល់ចុងខែឧសភានេះ៕