លោក ក្រៀងក្រៃ កានចាន់ណា ភូគីន ស្ថាបនិកជានាយកក្រុមហ៊ុន Index Creative Village PLC បានបញ្ជាក់ថា អាជីវកម្មរៀបចំ កម្មវិធី បានរងផលប៉ះពាល់ខ្លាំងដោយសារតែបញ្ហាមេរោគរាតត្បាតកូវីដ-១៩ តាំងពីមានវិធានការចាក់សោរបិទប្រទេស កាលពីថ្ងៃទី ២២ ខែ មីនាមកម្ល៉េះ។
លោក ក្រៀងក្រៃ បានព្យាករថា វិស័យអាជីវកម្មរៀបចំកម្មវិធី នឹងមានចំណូលធ្លាក់ចុះ ៦០ ទៅ៧០ ភាគរយ នៅក្នុងឆ្នាំនេះ ព្រោះតែក្រុមហ៊ុនភាគច្រើនបានលុបចោលការរៀបចំ កម្មវិធីផ្សេងៗនៅក្នុងប្រទេសថៃ ដោយត្រូវគោរពតាមវិធានការរក្សាកម្លាតសង្គម ដែលបារម្ភខ្លាចថានឹងអាចកើតមាននូវរលកឆ្លងជាលើកទី២នោះ។
លោកបន្ថែមទៀតថា បញ្ហាមួយទៀតដែលកំពុងធ្វើឲ្យវិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារត្រូវរងគ្រោះនោះ គឺដោយសារតែ មានការផ្ទុះបាតុកម្មតវ៉ារាជរដ្ឋាភិបាល កាន់តែខ្លាំងឡើង ដែលវាបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងចិត្តសាស្ត្របស់អតិថិជន។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ទៀតថា កត្តាប្រឈមទាំងនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យអត្រាអ្នកអត់ការងារធ្វើ នៅក្នុងវិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារ ទំនងជានឹងអាចកើនឡើង ដោយអាចនឹងមានប្រហែល ៥០% នៃចំនួនអ្នកបុគ្គលិកសរុប ដោយអ្នកទាំងនោះ អាចត្រូវបាត់បង់ការងារបណ្ដោះអាសន្ន និងអាចជាអចិន្ត្រៃយ៍តែម្ដង។
សូមបញ្ជាក់ថា នៅក្នុងប្រទេសថៃ វិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារនេះ សរុបគឺមានកម្លាំងពលកម្ម ប្រមាណ ២០ម៉ឺននាក់៕