ថ្លែងនៅក្នុង សារព័ត៌មានបាងកកប៉ុស្ដិ៍ នាពេលថ្មីៗនេះ លោក ភីផាត រតចាក់ គិតប្រាកាន មន្ត្រីនាំពាក្យក្រសួងទេសចរណ៍ និងកីឡាថៃ បានឲ្យដឹងថា វិស័យទេសចរណ៍ក្នុងស្រុក គឺជាគោលដៅអាទិភាព នៅអំឡុងពេលដ៏លំបាកនេះ។ លោកបន្ថែមថា រាជរដ្ឋាភិបាល គួរតែអនុវត្តផែនការនេះ ដើម្បីពន្លឿនសកម្មភាព ការធ្វើដំណើរកម្សាន្ដក្នុងស្រុក ដោយផ្ដល់ឲ្យនូវអំណាចនៃការទិញ (Purchasing Power) កាន់តែច្រើន សម្រាប់ភ្ញៀវទេសចរក្នុងស្រុក។
លោក ភីផាត បាននិយាយទៀតថា កញ្ចប់វិកា ជិត ១៦០ លានដុល្លារអាមេរិកនេះ គឺនឹងត្រូវបានមកពី កញ្ចប់ថវិកាកណ្ដាលសម្រាប់ឆ្នាំ២០២០។
ស្ថិតក្រោមគម្រោងនេះ រាជរដ្ឋាភិបាលថៃ នឹងផ្ដល់ថវិកា ១ពាន់បាត ឬស្មើនឹងប្រមាណ ៣២ ដុល្លារអាមេរិក សម្រាប់ភ្ញៀវទេសចរក្នុងស្រុកម្នាក់ សរុបទៅមានចំនួន ៥លាននាក់ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃ របស់ធនាគារ Krungthai Bank ដើម្បីយកទៅទិញកញ្ចប់ធ្វើដំណើរ ទៅកាន់តំបន់ ឬខេត្តផ្សេងៗ ដោយមានលក្ខខណ្ឌ គឺការធ្វើដំណើរនោះ ត្រូវតែសម្រាកយ៉ាងតិច ១យប់។
ខេត្តនីមួយៗ នឹងទទួលបានកូតា ចំនួនភ្ញៀវទេសចរផ្សេងៗគ្នា ផ្អែកទៅតាមដង់ស៊ីតេប្រជាជន។
អាជ្ញាធរទេសចរណ៍ថៃ និងសមាគម ទេសចរណ៍ នៅទូទាំងប្រទេស នឹងបង្កើតកញ្ចប់ទេសចរណ៍ ដែលនឹងបង្កើតប្រាក់ចំណូល សម្រាប់ក្រុមហ៊ុនរថយន្ដដឹកជញ្ជូនភ្ញៀវ, សណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និងគោលដៅទេសចរណ៍ផ្សេងៗទៀត។
លោក ភីផាត រំពឹងថា គម្រោងជំរុញតម្រូវការទេសចរណ៍ក្នុងស្រុកនេះ នឹងជំរុញឲ្យមានការចំណាយ ចូលទៅក្នុងសេដ្ឋកិច្ចថៃ រហូតដល់ ២៥ពាន់លានបាត ស្មើនឹងប្រមាណ ៧៩៥ លានដុល្លារអាមេរិក ។
ក្រសួងទេសចរណ៍ និងកីឡាថៃ ប៉ាន់ប្រមាណថា ការផ្ទុះរាលដាលនៃវីរុស Covid-19 នឹងថយចុះ បន្ទាប់ពី ការធ្វើពិធីសង្ក្រានឆ្នាំថ្មីនៅប្រទេសថៃ និងសង្ឃឹមទៀតថា វានឹងអាចត្រូវគ្រប់គ្រងបាន ចាប់ពីខែមិថុនាខាងមុខតទៅ៕