មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ ដែលបានស្រង់សម្ដី ដោយកាសែតបាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ក្រសួងបានអនុម័តវិញ្ញាប័នបត្រ GI សម្រាប់ផលិតផលប្រចាំតំបន់ចំនួន១០៣ ប្រភេទ ក្នុងខេត្តចំនួន៦៧ ហើយសំណើរសុំចុះឈ្មោះ ផលិតផលសម្គាល់ភូមិសាស្ត្រ GI នៅសល់១០ ខេត្តទៀត កំពុងស្ថិតនៅក្នុងការពិចារណារបស់ក្រសួងពាណិជ្ជកម្មថៃ។
ផលិផលសម្គាល់ភូមិសាស្ត្រ GI នេះ គឺជាវិញ្ញាបនប័ត្រមួយ ដែលបញ្ជាក់ពីប្រភពដើមជាក់លាក់របស់ផលិតផល នៅក្នុងប្រទេសមួយ តំបន់ ឬទីតាំងណាមួយ ដែលមានបញ្ជាក់យ៉ាងច្បាស់ពីគុណភាព និងលក្ខណៈពិសេសរបស់វាផ្សេងទៀត។
សម្រាប់ផលិតផលដែលមាន GI នេះ គឺត្រូវបានគេរំពឹងថា នឹងមានការនាំចេញលើទីផ្សារក្រៅប្រទេសបានល្អ ពិសេស គឺទីផ្សារប្រទេសអភិវឌ្ឍន៍តែម្ដង។
រាជរដ្ឋាភិបាលថៃ មានគោលដៅ នឹងបង្កើនការលក់ផលិតដែលមាន GI ឲ្យបានដល់ ៣0 ពាន់លានបាត ឬស្មើនឹងប្រមាណ ១ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយផ្សាភ្ជាប់តំបន់ដែលមានផលិត GI នោះ ជាមួយនឹងវិស័យទេសចរណ៍។
ផលិតថៃ ដែលបានចុះ GI នៅអឺរ៉ុប ចិន និងជប៉ុន មានភាគច្រើនជាប្រភេទផលិតផលកសិកម្មដូចជា អង្ករ និងកាហ្វេ និងម្នាស់ជាដើម។ ខណៈ ផលិតផលថៃ ចុះ GI នៅវៀតណាម គឺមានដូចជា សូត្រថៃ ហើយថៃក៏កំពុងរង់ចាំការយល់ព្រមពីកម្ពុជា ដើម្បី ចុះ GI កាហ្វេ ផងដែរ។
ជាមួយគ្នានេះដែរ ផលិតផលបរទេស ដែលបានចុះGI នៅក្នុងប្រទេសថៃវិញ មានភាគច្រើន មកពីប្រទេសអ៊ីតាលី វៀតណាម និងបារាំង។
តាមមន្ត្រីជាន់ខ្ពស់ ក្រសួងពាណិជ្ចកម្មថៃ នៅពេលណាមានការអនុម័ត អាចនៅឆ្នាំ ប្រទេសថៃ នឹងមានផលិត GI គ្រប់ដណ្ដប់គ្រប់ខេត្តនៅទូទាំងប្រទេសតែម្ដង។
គួរបញ្ជាក់ថា ការលក់ផលិតផលមាន GI របស់ថៃ ត្រូវបានដឹងថា មានប្រមាណជាង ១២០ លានដុល្លារ នៅឆ្នាំ២០១៨ កើនឡើងកាលពីឆ្នាំ២០១៧ ដែលមាន ជាង១១០ លានដុល្លារអាមេរិក៕