ធនាគាររដ្ឋទាំង៤ ដែលរដ្ឋាភិបាលថៃ នឹងយកមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទនោះ មានដូចជាធនាគារក្រុងថៃ, ធនាគារប្រាក់សន្សំរាជរដ្ឋាភិបាល, ធនាគារ GH និងធនាគារអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម។
លោក អ៊ុតតាម៉ា សុវណ្ណាយ៉ាណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងនៅក្នុងកាសែតបាងកកប៉ុស្ដិ៍នាពេលថ្មីៗនេះថា នៅក្រោមយុទ្ធសាស្ត្រសេដ្ឋកិច្ចជនបទ ក្រសួងមានផែនការនឹងពង្រីកវិស័យកសិកម្ម ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសហគ្រាសសហគមន៍។ លោកអ៊ុតាម៉ា បន្ថែមទៀតថា ប្រសិនបើសេដ្ឋកិច្ចខាងក្រៅនៅតែមានភាពមិនច្បាស់លាស់ នោះសេដ្ឋកិច្ចក្នុងស្រុករបស់ថៃក៏ត្រូវប៉ះពាល់ដែរ។
ក្រសួងហិរញ្ញវត្ថុថៃ ចង់លើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធពិសេសក្នុងវិស័យផ្លូវដែក ផ្លូវថ្នល់ និងផ្លូវអាកាស។ ប្រភពថវិកាមួយចំនួន នឹងត្រូវបានមកពីគម្រោងភាពជាដៃគូវិស័យសាធារណៈ និងឯកជន និងការកៀរគរមូលនិធិតាមរយៈមូលនិធិអនាគតថៃ Thailand Future Fund។
លើសពីនេះ ក្រសួងហិរញ្ញវត្ថុ នឹងបន្តធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល ក្នុងការជំរុញដល់សេដ្ឋកិច្ចជនបទ បន្ទាប់ពីបានផ្ដួចផ្ដើមប្រព័ន្ធទូទាត់តាមអេឡិចត្រូនិកជាតិកាលពី៣ឆ្នាំមុន។
លោក អ៊ុតតាម៉ា បានមានប្រសាសន៍ថា“អ្នកជំនួញជាពិសេសជនបរទេសជឿជាក់ថា រដ្ឋាភិបាលអាចគ្រប់គ្រងសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ប៉ុន្តែការមើលឃើញថា តើរដ្ឋាភិបាលនឹងអាចដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រទេសនេះ គឺជាអ្វីដែលពួកគេចាប់អារម្មណ៍។”
គួរបញ្ជាក់ថា ការជំរុញច្រករបៀងសេដ្ឋកិច្ចភាគខាងកើត គឺជាការផ្ដោតការយកចិត្តទុកដាក់ជាចម្បងរបស់រាជរដ្ឋាភិបាលថៃ រីឯច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសង្គម គឺជារឿងបន្ទាប់។ បន្ថែមពីនេះ ការវិនិយោគលើធនធានមនុស្ស ជាពិសេសការអប់រំលើជំនាញគឺជារឿងសំខាន់ណាស់នៅក្នុងយុគ្គសម័យនេះ ខណៈសុខុមាលភាពសម្រាប់អ្នកក្រីក្រក៏ចាំបាច់ណាស់ដែរ៕