រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋថៃ នឹងមានសុវត្ថិភាព បើសិនជា ព្រំដែននៅតែបន្តបិទទ្វារ ក៏ប៉ុន្តែ របួសពីការធ្លាក់ចុះនូវសេដ្ឋកិច្ចវិញ គឺកាន់តែជ្រៅ និងឈឺចាប់ ហើយរាជរដ្ឋាភិបាលថៃនឹងជួបប្រទះការលំបាក ក្នុងការជួយដល់កម្មករ ដែលបាត់បង់ការងារថែមទៀតផង។
អាជ្ញាធរទេសចរណ៍ថៃ បានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ មកកម្សាន្តនៅប្រទេសថៃ នឹងធ្លាក់ចុះដល់ទៅ ៨០% ពោលគឺមានត្រឹមតែជាង ៨លាននាក់ប៉ុណ្ណោះ និងបង្កើតប្រាក់ចំណូលបានជាង ១២ពាន់លានដុល្លារអាមេរិក។
លើសពីនេះ វិស័យទេសចរណ៍ថៃ ដែលបានចូលរួមចំណែក ១៨% នៃ GDP សរុបរបស់ប្រទេសថៃ កាលពីឆ្នាំ ២០១៩ នឹងមានការធ្លាក់ចុះមកត្រឹម ៦% នៃ GDP នៅក្នុងឆ្នាំ ២០២០នេះ។
យ៉ាងណាក៏ដោយចុះ បើសិនជាយុទ្ធនាការជំរុញការធ្វើដំណើរកម្សាន្តឡើងវិញ ចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំនេះ វិស័យទេសចរណ៍ថៃ រំពឹងនឹងអាចបង្កើតចំណូលបាន ៦ពាន់លានដុល្លារអាមេរិក ដែលអាចគាំទ្របានមួយផ្នែកដល់គោលដៅរកប្រាក់ចំណូល ៣៩ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២០នេះ។
គួរបញ្ជាក់ដែរថា សម្រាប់ប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍ក្នុងស្រុក រំពឹងនឹងអាចសម្រេចបាន ២២ពាន់លានដុល្លារអាមេរិក ដោយមានការគាំទ្រ និងជំរុញដោយកញ្ចប់ថវិកាជាតិ ដោយក្នុងនោះ ក្រសួងទេសចរណ៍ និងកីឡា រំពឹងនឹងអាចប្រើប្រាស់កញ្ចប់ថវិកាជាតិទំហំជិត ៣០០លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលទី ១ ហើយថវិកាដែលនៅសល់ សម្រាប់ប្រើប្រាស់ក្នុងដំណាក់កាលបន្តបន្ទាប់ទៀត៕