សហព័ន្ធឧស្សាហម្មថៃ បានអះអាងថា តម្លៃប្រេងកើនឡើង នឹងឈានទៅធ្វើឲ្យថ្លៃដើមក្នុងការផលិតក្នុងវិស័យឧស្សាហកម្មថៃ មានការកើនឡើងតម្លៃដូចគ្នា ហើយវាក៏នឹងធ្វើឲ្យតម្លៃទំនិញកើនឡើងផងដែរ។ បញ្ហាទាំងនេះកើតមានឡើង ស្របពេលដែលសេដ្ឋកិច្ចថៃកំពុងធ្លាក់ចុះទាប ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រាក់បាតថៃផងដែរ។
លោក ស៊ូផាន មង្គុលសុតទ្រី ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា តម្លៃប្រេងឆៅសកលកំពុងកើនឡើង ហើយវាបានប៉ះពាល់ដល់តម្លៃលក់រាយ ប្រេងនិងឧស្ម័នក្នុងប្រទេសមិនមែនជាអ្នកផលិត។ ដូចនេះ រដ្ឋាភិបាលថៃគួរដោះស្រាយដោយប្រយ័ត្នប្រយែងចំពោះបញ្ហានេះ។
ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានបន្តទៀតថា ប្រេងឡើងថ្លៃ ទំនិញនៅលើទីផ្សារភាគច្រើនក៏នឹងឡើងថ្លៃដូចគ្នាដែរ ជាពិសេសទំនិញសំខាន់ៗ ដូចជា អង្ករ និងស្ករសជាដើម ដោយសារតែដំណើរការផលិត និង ដឹកជញ្ជូនត្រូវប្រើប្រាស់ប្រេងជាចាំបាច់។ ហេតុនេះ ចង់ឬមិនចង់វានឹងប៉ះពាល់ខ្លាំងដល់ពលរដ្ឋដែលជាអ្នកបញ្ជាទិញ និងប្រើប្រាស់។
ក្រៅតែពីអស្ថិរភាពទីផ្សារប្រេងពិភពលោកសហព័ន្ធឧស្សាហកម្មថៃ ជំរុញឲ្យរដ្ឋាភិបាលថៃបន្តយកចិត្តទុកដាក់លើវិបត្តិមេរោគឆ្លងកូវីដ១៩ ដោយសារតែសង្កេតឃើញថា ប្រាក់បាតថៃបានបន្តធ្លាក់ចុះ ស្របពេលប្រេងឆៅកាន់តែឡើងថ្លៃ ហើយបញ្ហាកូវីដ១៩នៅមិនទាន់អាចដោះស្រាយបានស្រួលបួលនៅឡើយ។ ប្រសិនបើរដ្ឋាភិបាលថៃមិនអាចកាត់បន្ថយអត្រាឆ្លងកូវីដ១៩ ដ៏ខ្ពស់ដូចបច្ចុប្បន្ននេះទេ ផែនការស្តារសេដ្ឋកិច្ចថៃឡើងវិញនឹងប្រឈមមុខការបរាជ័យ។
សូមជម្រាបថា តម្លៃប្រេងក្នុងទីផ្សារប្រទេសអ្នកផលិតប្រេងធំៗ បានបន្តឡើងថ្លៃអស់ពេលមួយសប្តាហ៍មកហើយ ជាក់ស្តែងប្រេងឆៅអង់គ្លេសបានហក់ឡើងដល់ ៨២ដុល្លារក្នុងមួយធុងបារ៉ែល ខណៈប្រេងឆៅអាមេរិកកើនជាង ៨០.៥ដុល្លារក្នុងមួយធុងបារ៉ែល ជាតម្លៃដ៏ខ្ពស់មិនធ្លាប់មាន ចាប់ពីឆ្នាំ ២០១៤មក។
ដោយឡែក បច្ចុប្បន្នប្រាក់បាតថៃ គឺជារូបិយប័ណ្ណដែលទន់ខ្សោយបំផុតនៅក្នុងតំបន់អាស៊ាន ដោយសារតែ វិស័យឧស្សាហកម្មទេសចរណ៍ និងវិស័យសេដ្ឋកិច្ចនិយាយជារួមរបស់ប្រទេសថៃ កំពុងជួបការលំបាកក្នុងការងើបឡើងវិញ។ អាជីវកម្មជាច្រើន មានការព្រួយបារម្ភថា ប្រាក់បាតនឹងអាចធ្លាក់ចុះមកត្រឹម ៣០-៣១បាត ក្នុង១ដុល្លារអាមេរិក ខណៈដែលបច្ចុប្បន្ន ១ដុល្លារអាមេរិក ប្តូរបានជិត៣៤បាត៕