រដ្ឋាភិបាលថៃ កំពុងពន្លឿនការចរចារជាមួយនឹងសមាគមពាណិជ្ជកម្មសេរីថៃ-អឺរ៉ុប ដោយមានការរំពឹងទុកថា ការចរចានេះនឹងបញ្ចប់នៅឆ្នាំនេះ។ បច្ចុប្បន្នប្រទេសអឺរ៉ុប ដែលជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីថៃ-អឺរ៉ុប គឺមាន៤ ប្រទេស រួមមាន ស្វីស ន័រវែស អ៊ីស្លង់ និង លីចតេនស្ទីន។
ពាក់ព័ន្ធនឹងកិច្ចការនេះ លោក ភុនថាម វីឆាយ៉ាឆៃ (Phuntham Wechayachai) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ក្រសួងកំពុងពន្លឿនកិច្ចពិភាក្សានេះ ដើម្បីឲ្យស្របតាមគោលនយោបាយរបស់រដ្ឋបាលលោកនាយករដ្ឋមន្ត្រី ស្រ៊ីថា ថាវេស៊ីន ដែលមានបំណងចង់បង្កើតឱកាសឱ្យកាន់តែច្រើន និងបង្កើនការប្រកួតប្រជែងនៃវិស័យធុរកិច្ចរបស់ថៃ។
លោកបានបន្តថា ក្រៅពីកិច្ចព្រមព្រៀងរវាងថៃ និងប្រទេសអឺរ៉ុបទាំង៤នេះ ថៃក៏កំពុងតែស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុប ដែលមាន២២ប្រទេសទៀតផងដែរ។
រយៈពេល២ខែក្នុងឆ្នាំនេះ ប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាពាណិជ្ជកម្មនេះដល់ទៅ៨លើក ដើម្បីពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសថៃ។ មកដល់ពេលនេះពាណិជ្ជកម្មរវាងថៃ និងប្រទេសអឺរ៉ុបទាំង៤ ខាងលើ មានតម្លៃសរុបជិត ១០ពាន់លានដុល្លារ ក្នុងនោះថៃនាំចេញមានទំហំជាង៤ពាន់លានដុល្លារ ខណៈថៃនាំចូលមកវិញមានទំហំជិត៦ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ