ស្ថានទូតថៃបានរាយការណ៍ថា ប្រជាជនថៃនៅតាមទីក្រុងនានានៅផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថាពួកគេគឺមានសុវត្ថិភាពហើយ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅតែមានជនជាតិថៃប្រហែល ១០០នាក់ ដែលនៅតែជាប់បង្ខាំងក្នុងផ្ទះ ឬកន្លែងស្នាក់នៅរបស់ពួកគេ ដោយសារតែការបិទសន្តិសុខនៅក្នុងទីក្រុងមួយចំនួន ខណៈនៅក្នុងរដ្ឋធានីកៀវ ជនជាតិថៃចំនួន ១០២នាក់ ក្នុងចំណោម ១៤៨ នាក់ដែលរស់នៅទីនោះបានចាកចេញរួចហើយ។
សូមជម្រាបថា ជនជាតិថៃប្រហែល ៤០ នាក់ ដែលភាគច្រើនជាស្ត្រីរៀបការជាមួយជនជាតិអ៊ុយក្រែន កំពុងជ្រើសរើសស្នាក់នៅក្នុងទីក្រុងកៀវ ជាមួយគ្រួសាររបស់ពួកគេ បើទោះបីជាស្វាមីរបស់ពួកគេត្រូវបានចុះឈ្មោះដើម្បីចូលប្រយុទ្ធក្នុងសង្គ្រាមក៏ដោយ។
ស្ថានទូតថៃនៅទីក្រុង Warsaw បានដឹងថា ខ្លួនបានរៀបចំផ្លូវជម្លៀសជនភៀសខ្លួនចំនួនពីរសម្រាប់ជនជាតិថៃរស់នៅក្នុងប្រទេសអ៊ុយក្រែន។ ដោយផ្លូវទី១ គឺតាមប្រទេសរ៉ូម៉ានី និងផ្លូវទី២តាមប្រទេសប៉ូឡូញ។ យន្តហោះទីមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃអាទិត្យបាននាំជនជាតិថៃចំនួន ៤១ នាក់ទៅកាន់ទីក្រុង Odessa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយបន្ទាប់មកនាំឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសរ៉ូម៉ានី។ ដូច្នេះពួកគេអាចចាប់ជើងហោះហើរពាណិជ្ជកម្មដែលឆ្ពោះទៅប្រទេសថៃនៅថ្ងៃទី១ និងទី២ ខែមីនា ។
ដោយឡែកនៅថ្ងៃដដែល មានជនជាតិថៃចំនួន ៤៣ នាក់ដែលបានមកដល់ទីក្រុង Lviv ត្រូវបានជិះរថយន្តក្រុងបន្តទៅកាន់ទីក្រុង Warsaw ជាមួយនឹងក្រុមមួយផ្សេងទៀតដែលរំពឹងថានឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃនៅថ្ងៃដូចគ្នា។
យ៉ាងណាមិញ ក្រៅតែពីជម្លៀសប្រជាជនចេញពីអ៊ុយក្រែនហើយ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យក្រសួងការងារ និងក្រសួងការបរទេសផ្តល់ជំនួយដល់ប្រជាជនថៃដែលជាប់គាំងដោយជម្លោះនៅអ៊ុយក្រែន និងផ្តល់ជំនួយចាំបាច់ទាំងអស់ ដើម្បីនាំពួកគេទៅកាន់ទីសុវត្ថិភាពនៅមជ្ឈមណ្ឌលក្នុងទីក្រុង Lviv ៕
អត្ថបទ ស៊ើង និមល់