យ៉ាងណាមិញគេសង្កេតឃើញថា បញ្ហាជម្លោះដែលកំពុងតែកើតមាន និងបញ្ហាសន្តិសុខក្នុងតំបន់ នៅតែជាប្រធានបទក្តៅ ដែលត្រូវបានគេយកចិត្តទុកដាក់ខ្លាំង ពិសេសសម្រាប់ប្រទេសសាម៉ី ដែលកំពុងតែមានជម្លោះផ្ទាល់តែម្តង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិជាច្រើន។
ជាក់ស្តែង សារព័ត៌មានជប៉ុន Kyodo បានអោយដឹងថា អាស៊ាន និងភាគីជប៉ុនបានឯកភាពគ្នារួចហើយ អំពីសារៈសំខាន់នៃសេរីភាពផ្លូវនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដែលកំពុងមានទំនាស់ទាមទារតំបន់កាន់កាប់រវាងចិន និងប្រទេសមួយចំនួនរបស់អាស៊ាន។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េ តាមប្រព័ន្ធវីដេអូ លោក តូស៊ីមីស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) បានសង្កត់ធ្ងន់ថា ជប៉ុនប្រឆាំងនឹងការប៉ុនប៉ងពីភាគីទាំងឡាយណា ដែលចង់បង្កអោយមានអស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ដោយមិននិយាយចំៗលើប្រទេសចិន ការលើកឡើងនេះច្បាស់ណាស់ជប៉ុនចង់បង្ហាញប្រាប់អាស៊ានពីការប្រឆាំងរបស់ខ្លួន ក្នុងការវាតទី មកលើដែនទឹកនៃសមុទ្រចិនខាងត្បូង ដែលបានប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសអាស៊ានមួយចំនួនដូចជា វៀតណាម និង ហ្វីលីពីនជាដើម។
ដោយឡែក សារព័ត៌មានកូរ៉េខាងត្បូង The Korea Herald បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆុង អ៊ីយ៉ុង (Chung Eui-yong) បានស្នើឲ្យអាស៊ានដើរតួនាទីក្នុងន័យស្ថាបនា និងជួយគាំទ្រដល់ផែនការរំសាយអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង ដើម្បីធានាបានពីសុខសន្តិភាព និងសុវត្ថិភាពក្នុងឧបទ្វីបកូរ៉េ និងក្នុងតំបន់ទាំងមូល។
ការស្នើឡើងបែបនេះ គឺស្របពេលដែលទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរកំពុងមានសញ្ញាល្អឡើងវិញ បន្ទាប់ពីផ្តាច់ទំនាក់ទំនងរវាងគ្នាអស់ជាច្រើនឆ្នាំ។
ជាមួយគ្នានេះ ចំពោះសំណុំរឿងក្តៅក្នុងប្រទេសភូមាឯណោះវិញ ក៏ត្រូវបានអាស៊ាន និងប្រទេសជាគូរទាំងបី លើកយកមកពិភាក្សាផងដែរ។ ជាក់ស្តែងបើតាមការចុះផ្សាយពីសារព័ត៌មាន ឥណ្ឌូនេស៊ី The Jarkata Post បានរាយការណ៍ថា នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាស៊ានបូក រដ្ឋមន្ត្រីការបរទេសប្រុយណេ លោក អេរីវ៉ាន់ យូសូហ្វ (Erywan Yusof) ត្រូវបានអាស៊ានចាត់តាំង ជាប្រេសិតពិសេសដែលនឹងចូលខ្លួនទៅសម្របសម្រួលដោះស្រាយវិបត្តិនយោបាយ ក្នុងប្រទេសភូមាដែលបានអូសបន្លាយអស់ពេលជាច្រើនខែមកហើយ។
គួរជម្រាបថា ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ាននេះធ្វើឡើង ស្របទៅតាមការព្រមព្រៀងគ្នាទាំង៥ចំណុច ដែលជាលទ្ធផលរបស់កិច្ចប្រជុំបន្ទាន់អាស៊ានដោះស្រាយវិបត្តិនៅភូមាកាលពីចុងខែមេសា។
អាស៊ានរំពឹងថា យោធាភូមា និងស្វាគមន៍ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ាននេះ រួចនឹងឈានទៅដោះស្រាយជម្លោះដែលបានអូសបន្លាយដ៏យូរនេះ ឲ្យបានកាន់តែឆាប់។
គួរបញ្ជាក់ដែរថា បើតាមសេចក្តីប្រកាសព័ត៌មានដោយក្រសួងការបរទេសកម្ពុជាយើងឯណោះវិញ ភាគីកម្ពុជាតាមរយៈរដ្ឋមន្ត្រីការបរទេសនិងកិច្ចសហប្រតិបត្តិអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ក៏បានធ្វើការអំពាវនាវដល់អាស៊ានផងដែរ ឱ្យជួយសម្រាលការលំបាករបស់ប្រជាជនក្រីក្រ ក្នុងនោះក៏មានពលរដ្ឋកម្ពុជាផងដែរ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ ១៩៕