លោក អុន សំអុល នាយកជាន់ខ្ពស់ធនាគារអេស៊ីលីដាសាខាចតុមុខ ឱ្យដឹងថា ទោះបីជួបព្យុះបោកបក់កូវីដ-១៩ នៅប៉ុន្មានឆ្នាំកន្លងមកនេះក្ដី ប៉ុន្ដែបញ្ហាប្រឈមមួយនេះ ក៏បានធ្វើឱ្យធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាង កាន់តែរឹងមាំ រីកចម្រើន ជាពិសេសជំរុញការអភិវឌ្ឍសេវាប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលតែម្ដង ដោយធនាគារអេស៊ីលីដា មានអ្នកប្រើប្រាស់សេវានេះ កើនឡើងយ៉ាងឆាប់រហ័ស។ ជាមួយនេះ ការផ្ដល់កម្ចី និងការទទួលប្រាក់បញ្ញើពីអតិថិជនក៏មានកើនឡើងខ្ពស់ដែរ។
បើតាមលោក អុន សំអុល បានបញ្ជាក់ថា សម្រាប់ធនាគារអេស៊ីលីដាសាខាវិមានចតុមុខវិស័យឥណទាន នៅក្នុងឆ្នាំ២០១៩ យើងមានសមតុល្យឥណទានប្រហែលជា ៤៨លានដុល្លារ ប៉ុន្ដែមកដល់ឆ្នាំ២០២១ យើងមានសមតុល្យឥណទាន ៦៦លានដុល្លារ ពោលគឺបានកើនឡើង ៣៧%។ រីឯប្រាក់បញ្ញើសន្សំវិញ ក្នុងឆ្នាំ២០១៩ យើងមានប្រហែលខ្ទង់ ១២៥លាន[ដុល្លារ] និងក្នុងឆ្នាំ២០២១វិញ ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដាសាខាចតុមុខបានកើនរហូត ១៤០លានដុល្លាកើន ១២%។
អេស៊ីលីដា ធនាគារពាណិជ្ជខ្មែរ ដែលធំឈានមុខគេមួយនៅកម្ពុជា បានអភិវឌ្ឍប្រព័ន្ធបម្រើសេវាកម្មឌីជីថលកាន់តែសម្បូរបែប ហើយវាបានរួមចំណែកនាំឱ្យសមតុល្យសាច់ប្រាក់ និងការប្រាស់ប្រាស់ពីអតិថិជន លើធនាគារ អេស៊ីលីដា កើនឡើងបន្តបន្ទាប់ដែរ។
លោកសំអុល បន្ថែមថា វឌ្ឍនភាពប្រព័ន្ធឌីជីថល នៃធនាគារអេស៊ីលីដានេះ នាំឱ្យតម្រូវការអតិថិជន កាន់តែលឿន រហ័ស ងាយស្រួល ចំណេញពេលវេលា ជាពិសេសបង្ការហានិភ័យកូវីដ-១៩ ស្របតាមបរិបទការរស់នៅថ្មីជាមួយជំងឺរាតត្បាតមួយនេះ។
លោក អុន សំអុល បានបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារ អេស៊ីលីដា ជាធនាគាររបស់ខ្មែរយើង។ បច្ចុប្បន្ននេះ អតិថិជន មានការជឿជាក់ច្រើន ព្រោះថាប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត។ គាត់ជឿជាក់ថា គាត់អាចដាក់ប្រាក់សន្សំជាមួយធនាគារយើង បានការប្រាក់សន្សំ គាត់មានតម្រូវការឥណទាន។ មិនតែប៉ុណ្ណោះ ធនាគារយើង ឈរលើលំដាប់ថ្នាក់ល្បីទូទាំងប្រទេស ហើយឈានទៅវិនិយោគ នៅឯក្រៅប្រទេសទៀត។ ដូចដែលបច្ចុប្បន្ននេះ យើងមានបង្កើតក្រុមហ៊ុនបុត្រសម្ពន្ធនៅឡាវ និងមីយ៉ាន់ម៉ា។ កត្តាអស់ហ្នឹងហើយ ដែលធ្វើឱ្យអតិថិជនសប្បាយចិត្ត ជឿជាក់ ជាពិសេសជឿជាក់លើគោលការណ៍បម្រើអតិថិជនរបស់យើតែម្ដង»។
សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពបណ្ណ អេធីអឹមអេស៊ីលីដា ចំនួនប្រមាណ ១លាន៦សែនបណ្ណជូនដល់អតិថិជន ស្របពេលដែល អេស៊ីលីដាម៉ូបាល បានទទួលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជិត២លាន៣សែននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដែលអាចជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។
ដោយឡែក គិតត្រឹមដំណាច់ឆ្នាំ២០២១ សមតុល្យឥណទានរបស់ធនាគារអេស៊ីលីដាមានការកើនឡើងជាង ២០% ស្មើនឹងជាង៩២០លានដុល្លារ ចំណែកឯសមតុល្យប្រាក់បញ្ញើវិញមានការកើនឡើងជិត២៤% ស្មើនឹងជាង១ពាន់១រយលានដុល្លារ៕