
លោកចូ បៃឌិន បាននិយាយថា ក្របខ័ណ្ឌថ្មីនេះនឹង ធ្វើឱ្យអាមេរិកត្រៀមខ្លួន មិនត្រឹមតែសម្រាប់ការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីយកឈ្នះតែម្តង លើការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយចិន និងគ្រប់ប្រទេសសំខាន់ៗផ្សេងទៀតនៅក្នុងពិភពលោកសម្រាប់សតវត្សរ៍ទី២១នេះ។
កញ្ចប់ថវិកាដំបូងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្នើឡើង គឺមានទំហំទឹកប្រាក់ដល់ទៅជាង ៣,៥ ទ្រីលានដុល្លារឯណោះ ប៉ុន្តែដោយសារមិនអាចរកការគាំទ្របានពេញលេញ ចំពោះកញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ ពិសេសពីសមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋ លោកបៃ ឌិន បានសម្រេចកាត់បន្ថយការចំណាយជិតពាក់កណ្តាល។ សមាជិកសភាមួយចំនួនយល់ថា កញ្ចប់ថវិកាចំណាយនេះមានខ្ទង់ចំណាយខ្ពស់ពេក។ប្រធានាធិបតីរូបនេះរំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកាត់បន្ថយចំណាយនេះ នឹងទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាទាំងអស់។
គម្រោងចំណាយ ដែលកាត់បន្ថយពីទឹកប្រាក់៣,៥ទ្រីលានដុល្លារអាមេរិក មកនៅត្រឹម ១,៧៥ទ្រីលានដុល្លារអាមេរិកវិញនេះ គឺសម្រាប់ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗ របស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ស្តីពីការប្រែប្រួលអាកាសធាតុ ប្រព័ន្ធអប់រំ និងការអភិវឌ្ឍលំនៅដ្ឋានសមរម្យសម្រាប់ពលរដ្ឋអាមេរិកជាដើម៕None