លោកស្រី ប៊ុននី ចាន់ (Bonnie Chan) នាយកប្រតិបត្តិក្រុមហ៊ុនផ្សារមូលបត្រហុងកុង Hong Kong Exchanges and Clearing Limited (HKEx) បានលើកឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ថា កម្មវិធី App ថ្មីៗសម្រាប់ប្រាក់យន់របស់មហាយក្សចិន ដូចជា App សម្រាប់ជួញដូរភាគហ៊ុន និងសញ្ញាប័ណ្ណ ឬមូលបត្របំណុលជាដើម គឺពិតជាចាំបាច់ណាស់ ដើម្បីជំរុញឱ្យរូបិយប័ណ្ណយន់ ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ។
ក្រុងប៉េកាំង បានបង្ហាញមហិច្ឆតារបស់ខ្លួនជាយូរមកហើយដោយចង់ឃើញប្រាក់យន់ ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយទូទាំងពិភពលោកក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដែលគ្របដណ្ដប់លើសលប់ដោយប្រាក់ដុល្លារអាម៉េរិក។ ហើយទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក លើប្រទេសរុស្ស៊ី ក៏បានបង្កើនសម្ពាធបង្ខំប្រទេសមួយចំនួនធំងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារផងដែរ។
ថ្លែងនៅឯកិច្ចប្រជុំ "Summer Davos" នៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅទីក្រុងតាលាន (Dalian) ប្រទេសចិន លោកស្រី ប៊ុននី ចាន់ (Bonnie Chan) បានគូសបញ្ជាក់ថា មនុស្សរក្សាទុកលុយសម្រាប់ធ្វើប្រតិបត្តិការទូទាត់អាជីវកម្ម ឬអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺមនុស្សរក្សាទុកលុយសន្សំជាទ្រព្យ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុនក្រុមហ៊ុនផ្សារមូលបត្រហុងកុង Hong Kong Exchanges and Clearing Limited (HKEx) បានប្រកាសដាក់ឱ្យដំណើរការកម្មវិធី App មួយមានឈ្មោះថា ឌួល ខោនធ័រ (Dual-Counter) ដែលអនុញ្ញាតឱ្យអ្នកវិនិយោគអាចជួញដូរមូលបត្រ ដែលចុះបញ្ជីនៅហុងកុងជាប្រាក់ដុល្លារហុងកុង ឬប្រាក់យន់របស់ចិន។
នៅក្នុងវិធានការដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីឆ្នាំ២០១៥ បានប្រកាសថា ខ្លួននឹងដាក់បញ្ចូលប្រាក់យន់ ទៅក្នុងបញ្ជីរូបិយប័ណ្ណបម្រុងរបស់ខ្លួននៅឆ្នាំបន្ទាប់។
យោងតាមទិន្នន័យនៃប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT បង្ហាញថា ប្រាក់យន់ គឺជារូបិយប័ណ្ណសកម្មបំផុតទី៤ សម្រាប់ការទូទាត់ជាសកលគិតត្រឹមខែឧសភា ឆ្នាំនេះ ដែលមានចំណែកគ្រប់ដណ្ដប់៤,៥%នៃប្រតិបត្តិការទូទាត់បែបនេះទូទាំងពិភពលោក ខណៈដែលប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់រហូតដល់ទៅជិត៤៨%ឯណោះ។
ទិន្នន័យដដែលបង្ហាញទៀតថា នៅក្នុងផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម ឬ Trade Finance ប្រាក់យន់ ជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានចំណែកគ្របដណ្ដប់៥,១% ក្នុងខែឧសភា ឆ្នាំនេះ ខណៈដែលប្រាក់អឺរ៉ូ មានចំណែកគ្របដណ្ដប់៥,៦% ហើយប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់រហូតដល់ទៅជិត៨៥%។
លោក ហ្វ្រេដ ហ៊ូ (Fred Hu) ដែលជាស្ថាបនិក ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគចិន ឈានមុខ ព្រីម៉ាវេរ៉ា ខេបភីថល (Primavera Capital) បានលើកឡើងក្នុងកិច្ចប្រជុំ "Summer Davos" នេះដែរថា ការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់ ឬការប្រើប្រាស់ប្រាក់យន់ ជាអន្តរជាតិ ឱ្យឈានដល់កម្រិតខ្ពស់មួយ អាចនឹងត្រូវការពេលយូរជាងការរំពឹងទុករបស់មជ្ឈដ្ឋានជាច្រើន បើទោះបីជាក្រុងប៉េកាំង បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់សរសើរចំពោះវឌ្ឍនភាពនៃការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់យ៉ាងណាក្ដី៕