យ៉ាងណាមិញ នៅត្រីមាសទី១ឆ្នាំ២០២២ ទំនិញចេញចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំជាង៧រយលានដុល្លារកើនឡើងជាង៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Chen Jiangang អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរំពឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងអាចទាក់ទាញក្រុមហ៊ុនសហគ្រាសឲ្យមកតាំងទីតាំងកើនដល់៣០០ ក្រោយបញ្ចប់ការសាងសង់តំបន់ទ្រទ្រង់ និងសួនឧស្សាហកម្មដំណាក់កាលទីពីរ។ លោក វាយតម្លៃថា តាមរយៈគម្រោងទាំងនេះ នឹងអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី៨ម៉ឺនទៅ១០ម៉ឺននាក់។ ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី១ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះមានក្រុមហ៊ុនសហគ្រាសតាំងទីតាំងចំនួន១៧០ ដោយបានផ្តល់ការងារជូនប្រជាជនជិត៣ម៉ឺននាក់។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។
អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានគូសបញ្ជាក់ថា បច្ចុប្បន្នរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទំហំវិនិយោគប្រមាណ៣០០លានដុល្លារ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន Jiangsu General Science Tichnology កំពុងដំណើរការសាងសង់យ៉ាងរលូន។
រោងចក្រនេះ ជាគម្រោងវិនិយោគធំជាងគេនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលអាចបង្កើតការងារជូនប្រជាជនចំនួន១ពាន់៦រយកន្លែង។ បន្ថែមលើគម្រោងនេះ រោងចក្រអគ្គិសនីដើរដោយថាមពលកម្តៅ ក៏ត្រូវបានសាងសង់នៅតំបន់នេះដែរ ដើម្បីធានាដល់ការប្រើប្រាស់ និងខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនសហគ្រាស ដែលបានតាំងទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។
ស្ថានទូតចិនបានសរសេរដោយផ្អែកលើទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករថា នៅឆ្នាំ២០២១ ទំនិញចេញចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំទឹកប្រាក់ជាង ២ពាន់២រយលានដុល្លារអាមេរិក កើនឡើងជិត៤៣% បើធៀបនឹងឆ្នាំ២០២០។ ដោយឡែក នៅត្រីមាសទី១ឆ្នាំ២០២២ ការនាំចេញនាំចូលទំនិញក្នុងតំបន់នេះមានទំហំ៧១០លានដុល្លារអាមេរិក កើនឡើងជិត៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាសំរាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១រំពឹងថា តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន វានឹងធ្វើឲ្យលំហូរទំនិញចេញចូលរវាងកម្ពុជា-ចិន កាន់តែមានភាពងាយស្រួល និងល្អប្រសើរមួយកម្រិតទៀត។ ជាពិសេសវានឹងជួយជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕