ជាក់ស្ដែង របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា គ្រាន់តែនៅ៣ខែដំបូងនៅឆ្នាំ២០២២ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា សម្រេចបានទឹកប្រាក់ដល់ទៅជាង៣ពាន់លានដុល្លារ កើនឡើងជាង៦០០លានដុល្លារ ឬស្មើនឹងអត្រាកំណើនជិត២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរបង្ហាញក្ដីរំពឹងថា ការនាំចេញផលិតផលកាត់ដេរនៅពេញមួយឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅជាមួយនឹងកំណើនជាវិជ្ជមាន ដោយសារតែភាពអំណោយផលនៃកត្តាមួយចំនួន ទាំងកត្តាក្នុងស្រុក និងកត្តាខាងក្រៅផងដែរ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានគូសបញ្ជាក់ថា សម្រាប់ត្រីមាសខាងមុខនេះ មានការបញ្ជាទិញផលិតផលិតផលកាត់ដេរនឹងនៅតែមានគ្រប់គ្រាន់សម្រាប់ការផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស បើទោះបីជា កត្តាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបង្កផលរំខានមួយចំនួនក្ដី។ បន្ថែមពីនេះ សមាគមរោងចក្រកាត់ដេរកម្ពុជាមានក្ដីរំពឹងថា វិស័យកាត់ដេរ និងវាយនភ័ណ្ឌ នៅតែអាចរក្សាបាននូវកំណើនវិជ្ជមាននៅពេញ១ឆ្នាំ២០២២ នេះដោយសារតែមានភាពអំណោយផលទាំងកត្តាខាងក្នុងនិងខាងក្រៅផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចធ្លាប់អះអាងថា វិស័យកាត់ដេរកម្ពុជា នៅតែមានកំណើននាំចេញល្អប្រសើរ ដ្បិតថា កម្ពុជាទទួលបានការអនុគ្រោះពន្ធនាំចេញទំនិញជាច្រើនទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ពិសេស ការបង្វែរការបញ្ជាទិញ ពីប្រទេសមួយចំនួន ងាកមករកការបញ្ជាទិញទំនិញពីកម្ពុជាក៏បានជួយឲ្យផលិតផលកាត់ដេរ វាយនភណ្ឌរបស់កម្ពុជានៅតែមានទីផ្សារល្អ។
យ៉ាងណាក៏ដោយចុះ ស្ថានការណ៍មិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងបញ្ហាឆ្លងរីករាលដាលកូវីដ១៩ផងដែរនោះ នៅតែជាផលរំខានសម្រាប់ការនាំចេញរបស់កម្ពុជា។
លោក កាំង ម៉ូនីកា ក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី ជាមួយអ៊ុយក្រែន មកទល់ពេលបច្ចុប្បន្ននេះ អាចនឹងជះឥទ្ធិពលដល់ការនាំចេញផលិតផលទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ដោយសារវាបណ្តាលឲ្យពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ ជាក់ស្ដែង វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃថាមពល ដែលនាំឲ្យមានការកើនឡើងអតិផរណា ការកើនឡើងនៃតម្លៃទំនិញជាដើម។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតផលកាត់ដេរសរុបតម្លៃជាង ១១ពាន់លានដុល្លារ កើនឡើងជាង១៥% ធៀបនឹងឆ្នាំ២០២០។ យ៉ាងណាមិញ សកម្មភាពផលិតនៃរោងចក្រកាត់ដេរ ក៏បានចាប់ផ្ដើមវិលមករកភាពមមាញឹកឡើងវិញហើយ ក្រោយពីឈប់សម្រាកនៅអំឡុងបុណ្យចូលឆ្នាំខ្មែរ កាលពីសប្ដាហ៍មុននេះ។ បើតាមលោកកាំង ម៉ូនីកា ក្រោយពីបានឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេលបីថ្ងៃរួចមក កម្មករនិយោជិតភាគច្រើនបានវិលត្រលប់ចូលមកបំពេញការងារជាធម្មតាវិញអស់ហើយគិតមកទល់ពេលនេះ៕
អត្ថបទ សោម ស្រីពេជ្រ