កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជិត ៣ពាន់លានដុល្លារ កើនឡើង១៦%

កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជិត ៣ពាន់លានដុល្លារ កើនឡើង១៦% នៅ៤ខែឆ្នាំនេះ


ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានជិត៣ពាន់លានដុល្លារនៅ៤ខែឆ្នាំនេះ កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វៀតណាម ចិន និងថៃជាប្រទេសដែលបាននាំចូលទំនិញពីកម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP ច្រើនជាងគេ ដែលមានតម្លៃសរុបប្រមាណ២ពាន់លានដុល្លារអាមេរិក។
កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជិត ៣ពាន់លានដុល្លារ កើនឡើង១៦% នៅ៤ខែឆ្នាំនេះ
ដោយ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានចាត់ទុកកិច្ចព្រមព្រៀង RCEP គឺជាកត្តាដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនពាណិជ្ជកម្មក្រោយវិបត្តិកូវីដ-១៩ ហើយក៏ជាផ្នែកមួយក្នុងការជួយទាក់ទាញការវិនិយោគមកកាន់កម្ពុជាផងដែរ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ច កិច្ចព្រមព្រៀង RCEP ជាចលករជួយស្តារកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសជាសមាជិកឲ្យឆាប់ងើបឡើងវិញពីវិបត្តិកូវីដ-១៩។

បើទោះបីសេដ្ឋកិច្ចកម្ពុជា និងប្រទេសក្នុងតំបន់ និងលើពិភពលោកមានកំណើនយឺត និងបន្តរងនូវសម្ពាធ ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងអតិផរណា និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចក្តី ប៉ុន្ដែការនាំចេញទំនិញរបស់កម្ពុជាក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាបជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)នៅតែមានបង្ហាញសញ្ញាវិជ្ជមាននៅប៉ុន្មានខែកន្លងមកនេះ។ ជាក់ស្តែង បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល៤ដើមឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជិត ៣ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងប្រមាណ ២ពាន់៥រយលានដុល្លារ ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសវៀតណាម ចិន និងថៃបានក្តោចចំណែកទីផ្សារនាំចេញរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP ធំជាងគេដែលមានតម្លៃសរុបប្រមាណ ២ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារវៀតណាមមានទំហំជិត១ពាន់២រយលានដុល្លារ, នាំចេញទៅចិន ៤៤០លានដុល្លារ និងថៃមានទំហំ៣៩៣លានដុល្លារ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសា្រវជ្រាវសេដ្ឋកិច្ច និងប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាបានវាយតម្លៃថា កត្តាដែលជួយឲ្យការនាំចេញរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP នៅ៤ខែឆ្នាំនេះ មានការកើនឡើង គឺដោយសារនៅដើមឆ្នាំនេះ កម្ពុជាកាន់តែមានការយល់ដឹងក្នុងការយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP ខុសពីដើមឆ្នាំ២០២២ ដែលកិច្ចព្រមព្រៀងនេះទើបចូលជាធរមាន។ ទោះយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា RCEP នឹងក្លាយជាកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងជួយស្តារសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងបណ្តាប្រទេសជាសមាជិកឲ្យឆាប់ងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចាត់ទុកកិច្ចព្រមព្រៀង RCEP គឺចលករជំរុញដ៏សំខាន់មួយសម្រាប់កំណើនពាណិជ្ជកម្មប្រកបដោយនិរន្តភាពរបស់កម្ពុជាក្រោយវិបត្តិកូវីដ-១៩ និងក្នុងក្របខណ្ឌទីផ្សារបើកចំហ សេរី និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ សម្រាប់អ្នកនាំពាក្យរូបនេះ កំណើននៃការនាំចេញរបស់កម្ពុជា គឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា ទំនិញរបស់កម្ពុជាកាន់តែច្រើនបានហូរចូលទៅកាន់ប្រទេសជាសមាជិកនៃ RCEP ជាមួយការលើកលែងពន្ធ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកនេះ មិនត្រឹមតែផ្តល់ការជំរុញដល់កំណើនពាណិជ្ជកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមេដែក ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកម្ពុជាផងដែរ។ លើសពីនេះ RCEP នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាឱ្យបញ្ចប់ពីស្ថានភាពប្រទេសមាការអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៨ និងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់មានប្រទេសជាសមាជិកចំនួន១៥ រួមមានប្រទសសមាជិកអាស៊ានចំនួន១០ បូករួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតលើពិភពលោក៕




អត្ថបទបន្ទាប់


អតិថិជន អិលអូអិលស៊ី ទាំងអស់អាចដក ឬដាក់ប្រាក់ ដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទំាង ២៥ខេត្ត និងក្រុង !

អតិថិជនទាំងអស់អាចធ្វើការដក ឬដាក់ប្រាក់ពីគណនី អិលអូអិលស៊ី ភីអិលស៊ី បានយ៉ាង ងាយស្រួល ដោយមិនគិតថ្លៃសេវា ដោយគ្រាន់តែទៅកាន់ភ្នាក់ងារណាម…

កម្មវិធីទូរស័ព្ទផលិតដោយប្រទេសចិន កំពុងមានអ្នកប្រើប្រាស់ច្រើននៅទូទាំងពិភពលោកដូចកម្មវិធីរបស់អាមេរិកដែរ

កម្មវិធី app សម្រាប់ប្រើនៅលើទូរសព្ទឆ្លាតវៃ ឬស្មាតហ្វូន ដែលបង្កើតឡើងដោយក្រុមហ៊ុនចិនកំពុងរីករាលដាលនៅជុំវិញពិភពលោក ទោះបីជាមាននិន្នាការកើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ