ទោះយ៉ាងណាគេមិនទាន់ដឹងថា ស្ពាននេះមានប្រវែងប៉ុន្មានម៉ែត្រ និងគ្រោងចំណាយថវិកាអស់ប៉ុន្មាននៅឡើយទេ។ ក្រោយស្ពាននេះ ត្រូវបានសាងសង់រួចគេរំពឹងថា វានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្រល្អប្រសើរមួយកម្រិតទៀត ខណៈតម្លៃអចលនទ្រព្យនៅតំបន់នោះបច្ចុប្បន្នបានឡើងថ្លៃជាបណ្តើរៗហើយ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េទទួលបានការឯកភាព ពីរាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការហើយ ។ បើតាមគម្រោង ការសាងសង់មានស្ពានឆ្លងទន្លេមានចំនួនពីរ ដោយស្ពានទី១សាងសង់ភ្ជាប់ពីតំបន់ផ្សាររាត្រីទៅត្រើយសុខាឆ្លងកាត់ទន្លេបាសាក់ រីឯស្ពានទីពីរសាងសង់ចេញពីត្រើយសុខាទៅអរិយក្សត្រឆ្លងកាត់ទន្លេមេគង្គ។
ពាក់ព័ន្ធនឹងពេលវេលានៃការសាងសង់ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរូបនេះបានវាយតម្លៃថា គម្រោងស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េ នេះ អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៣ ឬអាចលឿនជាងនេះ អាស្រ័យលើការរៀបចំនីតីវិធីនៃប្រទេសទាំងពីរ។ ខណៈបច្ចុប្បន្នកម្ពុជាកំពុងរង់ចាំការសម្រេចជាគោលការណ៍ពីភាគីកូរ៉េ។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងសាធារណៈការរូបនេះ មិនទាន់អាចបញ្ជាក់លម្អិតបានទេថា គម្រោងស្ពាននេះមានទំហំ និងប្រវែងប៉ុន្មាន ហើយជាស្ពានប្រភេទអ្វី និងគ្រោងចំណាយថវិកាសាងសង់ប៉ុន្មាននៅឡើយទេ។ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងចេញសេចក្តីសម្រេចពាក់ព័ន្ធនេះនៅពេលក្រោយ បន្ទាប់ពីទទួលបានការឯកភាពជាគោលការណ៍ពីភាគីកូរ៉េ។
ទោះពីព័ត៌មានពាក់ព័ន្ធការសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េ មិនទាន់ចេញសេចក្តីសម្រេចជាផ្លូវការក៏ពិតមែន តែព័ត៌មាននេះត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម និងព័ត៌មាន ដែលធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះហក់ឡើងថ្លៃជាបន្តបន្ទាប់ ក្រោយក្រុមឈ្មួញនាំគ្នាសម្រុកទៅទិញអចលនទ្រព្យនៅតំបន់នោះ៕