ការប្រកួតប្រជែងកម្លាំងពលកម្មកម្ពុជានៅមានកម្រិត!

ក្រុមអ្នកជំនាញថា ការប្រកួតប្រជែងកម្លាំងពលកម្មកម្ពុជានៅមានកម្រិត ដែលទាមទារឱ្យលើកកម្ពស់ចំណេះជំនាញបន្ថែម


បើទោះបីជា បច្ចុប្បន្នប្រទេសកម្ពុជា មានភាពរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញយល់ឃើញថា សមត្ថភាព និងជំនាញធនធានមនុស្សនៅកម្ពុជាហាក់បីដូចជានៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវពង្រឹងសមត្ថភាពបន្ថែម ជាពិសេសធនធានមនុស្សមានជំនាញដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
ក្រុមអ្នកជំនាញថា ការប្រកួតប្រជែងកម្លាំងពលកម្មកម្ពុជានៅមានកម្រិត ដែលទាមទារឱ្យលើកកម្ពស់ចំណេះជំនាញបន្ថែម
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា សមត្ថភាពធនធាននៃកម្លាំងពលកម្មនៅកម្ពុជាបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ បើធៀបជាមួយនឹងបណ្តាប្រទេសជិតខាងដូចជាថៃ និងវៀតណាមជាដើម ដែលទាមទារឱ្យកម្ពុជាត្រូវមានការបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីអាចបង្កើននូវផលិតភាពការងារ និងឱកាសវិនិយោគ។ ភាពមានកម្រិតនៃកម្លាំងពលកម្មនេះបានធ្វើឲ្យកម្ពុជាបាត់បង់ឱកាសមួយចំនួនក្នុងការទាក់ទាញការវិនិយោគពីបរទេស។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីអាចទាក់ទាញការវិនិយោគបន្ថែម លុះត្រាតែកម្ពុជាមានកម្លាំងពលកម្មប្រកបដោយចំណេះជំនាញជាមុនសិន ទើបអាចស្រូបទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបាន។ កម្លាំងពលកម្មជំនាញមិនត្រឹមតែជួយទាក់ទាញការវិនិយោគប៉ុណ្ណោះទេ ថែមទាំងអាចជួយបង្កើនគុណភាពផលិតភាពការងារ បង្កើនទីផ្សារកម្លាំងពលកម្ម ក៏ដូចជាអាចបង្កើននូវតម្លៃប្រាក់បៀវត្សផងដែរ។

ចំណែកឯ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងស្រាវជ្រាវអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការអភិវឌ្ឍធនធានមនុស្សជារឿងចាំបាច់ និងមិនមានដែនកំណត់នោះទេ ដ្បិតធនធានជំនាញនៅកម្ពុជាបច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់ ដែលទាមទារឲ្យកម្ពុជាចាំបាច់ត្រូវពង្រឹងធនធានជំនាញនេះឲ្យកាន់ច្រើននិងខ្លាំងបន្ថែមទៀត។ ព្រោះថាប្រសិនបើកម្ពុជាមិនខតិខំបង្កើនការអភិវឌ្ឍជំនាញវិជ្ជាជីវៈនេះឱ្យកាន់តែខ្លាំងទេនោះ នៅពេលខាងមុខ វាក៏អាចធ្វើឱ្យមានរំហូរកម្លាំងពលកម្មពីខាងក្រៅហូរចូលមកកាន់តែច្រើន ដើម្បីជំនួសកម្លាំងពលកម្មនៅកម្ពុជា។

បើតាមអ្នកជំនាញរូបនេះ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍធនធានមនុស្ស ប៉ុន្តែលោកកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាពិសេសយុវជនមួយចំនួនហាក់មិនទាន់មានការយល់ដឹងច្រើនអំពីជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះនោះទេ ដោយពួកគេយល់ថាជំនាញបច្ចេកទេសជាមុខជំនាញតូចតាច។ តែយ៉ាងណាលោកបណ្ឌិត ហុង វណ្ណៈ ជំរុញឱ្យអ្នកដែលគ្មានទេពកោសល្យ និងសមត្ថភាពក្នុងការសិស្សានៅសកលវិទ្យាល័យចាប់យកការអភិវឌ្ឍន៍ជំនាញបច្ចេកទេស ដ្បិតវាអាចជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ដល់កំណើនសេដ្ឋកិច្ចផងដែរ។

ពាក់ព័ន្ធកម្លាំងពលកម្មជំនាញនៅកម្ពុជានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី០១ ខែសីហា បានអនុម័តប្រាក់កម្ចីចំនួន១00លានដុល្លារដល់កម្ពុជា ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា និងដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។ តាមការបង្ហាញពី ADB មានអ្នកធ្វើការប្រមាណ៩លាននាក់ក្នុងទីផ្សារការងារនៅកម្ពុជា ដែលក្នុងនោះមានស្ត្រី៤៩% នៃកម្លាំងពលកម្មទាំងនោះ។ ដោយគិតត្រឹមឆ្នាំ ២០២១ ប្រជាពលរដ្ឋកម្ពុជា៥៤%មានអាយុក្រោម៣0ឆ្នាំ ដែលនេះបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសកម្ពុជាក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារ និងលើកកម្ពស់ជំនាញរបស់និយោជិត ដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ៕




អត្ថបទបន្ទាប់


សម្ព័ន្ធភាពគណបក្សឈ្នះឆ្នោតថៃដួលរលំ ខណៈកូនស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងកាន់ដំណែង រដ្ឋមន្រ្តីការបរទេសថៃ

គណបក្សភឿថៃ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទីពីរ មាន ១៤១ អសនៈបានសម្រេចចិត្តបោះបង់សម្ព័ន្ធភាពជាមួយនឹងគណបក្សឆ្ពោះទៅមុខដែលមានអសនៈសភា ១៥១ មកចាប់…

ឥណ្ឌូនេស៊ីកំពុងដាក់ចេញផែនការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយនឹងកម្ពុជា

ឥណ្ឌូនេស៊ីដែលមានប្រជាពលរដ្ឋប្រមាណជា២៧០លាននាក់កំពុងដាក់គោលដៅពង្រឹងកិច្ចព្រមព្រៀងសម្ព័ន្ធភាពរវាង កោះស៊ូម៉ាត្រាខាងលិច និង រាជធានីភ្នំពេញដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ