ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការចែករំលែកចំណេះដឹង» រវាងនិយ័តករបរធនបាលកិច្ច និងគណៈមេធាវីនៃកម្ពុជា នៅថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ចនៅតែជាវិស័យមួយថ្មីសម្រាប់កម្ពុជា តែតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងការខិតខំប្រឹងប្រែងរបស់និយ័តករបរធនបាលកិច្ច ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធបានធ្វើឲ្យវិស័យនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២៣ បរធនបាលកិច្ចបានកើនដល់រហូតជាង៦០០ករណី ជាមួយទំហំប្រតិបត្តិការវិនិយោគជាង ១ពាន់២រយលានដុល្លារកើនលើស១០០% ខណៈចំនួននេះបានលើសពីការរំពឹងទុករបស់និយ័តករបរធនបាលកិច្ចនាពេលកន្លងមក ដែលមានផែនការជំរុញទំហំវិនិយោគឲ្យបាន១ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣។ គួរបញ្ជាក់ថា នៅមុនឆ្នាំ២០២១ បរធនបាលកិច្ចមានតែចំនួន១៧ករណី ជាមួយទំហំប្រតិបត្តិការវិនិយោគចំនួន១៥៦លានដុល្លារអាម៉េរិកប៉ុណ្ណោះ។
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកភាពរីកចម្រើនរបស់វិស័យបរធនបាលកិច្ច គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការជួយបង្កើនការទាក់ទាញវិនិយោគិនបរទេស និងធ្វើឲ្យបរិយាសធុរកិច្ចកាន់តែប្រសើរ។ សម្រាប់ឯកឧត្តម លី ច័ន្ទតុលា ការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ គឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់ក្នុងការជំរុញវិស័យបរធនបាលកិច្ចនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ថែមមួយកម្រិតទៀត។
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជារូបនេះ រំពឹងថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់រវាងនិយ័តករបរធនបាលកិច្ច និងគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែធ្វើឲ្យវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែមានទំនុកចិត្តថែមមួយកម្រិតទៀតមកលើនិយ័តករបរធនបាលកិច្ចកម្ពុជា។
គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច គឺវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលដើរតួនាទីជាថ្នាលជួយបង្កើត និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងវិស័យធុរកិច្ច ជាថ្នាលមួយនៃការអនុវត្តត្រឹមត្រូវតាមច្បាប់ និងការពារដោយច្បាប់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងជាយន្តការដែលមានភាពបត់បែនខ្ពស់ និងកាត់បន្ថយហានិភ័យ។ បរធនបាលកិច្ច គឺជាយន្តការមួយ ដែលដើរតួនាទីជាអ្នកធានាក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន ឬបុគ្គលក្នុងការផ្ទេរ និងវិនិយោគក្នុងវិស័យនានា ដែលអាចផ្តល់ផលប្រយោជន៍ដល់ម្ចាស់ទ្រព្យ ឬអ្នកទទួលបានផលផ្សេងទៀត៕