ផែនការរបស់រដ្ឋបាល លោក ចូ ប៊ៃដិន ក្នុងការផ្តល់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ គឺបន្ទាប់ពីមើលឃើញពីការព្រួយបារម្ភអំពីការថយចុះសមត្ថភាពរបស់វ៉ាក់សាំងក្នុងការការពារប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានន័យថា មនុស្សមានប្រព័ន្ធការពារខ្សោយប្រឆាំងនឹងជំងឺឆ្លងនេះ ងាយនឹងឆ្លងកូវីដ-១៩ បំប្លែងថ្មី ទោះបីបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសយ៉ាងណាក្ដី។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា ការសន្និដ្ឋានទាំងអស់នេះ នៅមិនទាន់មានទិន្នន័យបញ្ជាក់ឲ្យបានច្បាស់លាស់ផ្លូវការនៅឡើយនោះទេ។
បើតាមផែនការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរបស់អាមេរិក ដែលត្រៀមចាក់ជូនពលរដ្ឋអាមេរិកាំងទូទៅ គឺនឹងធ្វើឡើងសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Pfizer និង Moderna ចំនួន២ដូសរួច ក្រោយរយៈពេល៦ខែ ទើបអាចចាក់ដូសទី៣បាន ដោយយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ទ្រង់ទ្រាយធំនៅអាមេរិកនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ។
អ្នកជំនាញសុខាភិបាលមួយចំនួនបានចោទជាសំណួរឡើងទាក់ទងនឹងការចាក់វ៉ាក់សាំងដូសជំរុញរបស់អាមេរិកនាពេលនេះ ស្របពេលដែលមាន៣០% នៃពលរដ្ឋអាមេរិកដែលមានសិទ្ធិអាចចាក់វ៉ាក់សាំងនៅមិនទាន់ទៅទទួលការចាក់វ៉ាក់សាំង១ដូសនៅឡើយទេ បើទោះបីជា កូវីដ-១៩កំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសក៏ដោយ។ អ្នកជំនាញ លើកឡើងថា អ្វីដែលសំខាន់ជាងការចាក់ដូសទី៣ នៅអាមរិក គឺធ្វើយ៉ាងណាជំរុញឲ្យអ្នកមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែ១ដូសទាំងនោះ ឲ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ប្រទេសជាច្រើនបានសម្រេចចិត្តអនុញ្ញាតឱ្យមានការចាក់ដូសទី៣ ដល់មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធការពារខ្សោយ ដោយហេតុថា ដូសទី៣នឹងអាចបង្កើនភាពស៊ាំបន្ថែមក្នុងរាងកាយមនុស្ស។ ប៉ុន្ដែ បើតាមមន្ត្រីជំនាញសហភាពអឺរ៉ុបមួយចំនួន និយាយថា ពួកគេនៅមិនទាន់មើលឃើញថា វាមានភាពចាំបាច់ដើម្បីចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ប្រជាជនទូទៅនោះទេ។
ទោះយ៉ាងណា វេជ្ជបណ្ឌិតមួយរូបរបស់អាមេរិកបាននិយាយថា ទិន្នន័យថ្មីៗបញ្ជាក់យ៉ាងច្បាស់ថា ប្រសិទ្ធភាពវ៉ាក់សាំងការពារប្រឆាំងកូវីដ-១៩មានការថយចុះទៅតាមពេលវេលា ដែលនេះទំនងជា ដោយសារតែភាពស៊ាំចុះខ្សោយ និងភាពខ្លាំងនៃការរីករាលដាលមេរោគបំម្លែងថ្មីឌែលតា។ ខណៈដែលសប្ដាហ៍មុន ក្នុងចំណោមចំនួនអ្នកដែលបានចាក់វ៉ាក់សាំង ៨ពាន់នាក់មានអាយុលើស ៦៥ឆ្នាំ មានស្ទើរតែ ៧៤% ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្រោយឆ្លងកូវីដ១៩ ដោយក្នុងនោះ មានប្រមាណជិត ២០%បានស្លាប់។
ស្របពេលដែលយុទ្ធនាការចាក់ដូសទី៣របស់សហរដ្ឋអាមេរិកមិនទាន់ចេញផង ថ្មីៗនេះ ម្ចាស់ភោជនីយដ្ឋាន និងអាជីវកម្មខ្នាតតូចមួយចំនួន កំពុងដាក់ពាក្យប្តឹងអភិបាលក្រុងញូវយ៉កលោក ប៊ីល ឌឺ ប្លាស៊ីអូ (Bill de Blasio) ដែលតម្រូវឱ្យពលរដ្ឋបង្ហាញបណ្ណចាក់វ៉ាក់សាំង មុនពេលចូលភោជនីយដ្ឋាន និង កន្លែងសាធារណៈផ្សេងៗ។ ផែនការចាកវ៉ាក់សាំងនេះ ត្រូវបានក្រុមអ្នកជំនួញទាំងនោះ លើកឡើងថា ច្បាប់នេះ មិនត្រឹមតែរារាំងអ្នកមិនចង់ចាក់វ៉ាក់សាំងពីការបំពេញការងាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្ដែវារំលោភលើសេរីភាពរបស់ពួកគេផងដែរ។
ទាក់ទងនឹងការចាក់វ៉ាក់សាំងដូសទី៣នេះដែរ បើយើងមើលទៅលើអ៊ីស្រាអែលឯណោះវិញ កំពុងបន្តពង្រីកយុទ្ធនាការចាក់ដូសទី៣បន្ថែមដល់ពលរដ្ឋរបស់ខ្លួនកាន់តែច្រើន ពិសេសអ្នកមានអាយុលើស៤០ឆ្នាំ និង បុគ្គលិកអប់រំផងដែរ ដោយសង្ឃឹមថាការពង្រីកយុទ្ធនាការនេះនឹងទប់ស្កាត់ពីការឆ្លងមេរោគបំម្លែងថ្មីឌែលតា។
សូមបញ្ជាក់អ៊ីស្រាអែលបានចាប់ផ្តើមចាក់ដូសទី ៣ ដល់មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំកាលពីខែកក្កដាកន្លងទៅនេះ។ យ៉ាងណាមិញ គិតមកទល់ពេលនេះ ប្រជាជនអ៊ីស្រាអែលជិត ១លាន ៥សែននាក់ក្នុងចំណោមប្រជាជន ៩លាន ៣សែននាក់របស់ប្រទេសនេះបានទទួលការចាក់ដូសទី៣ហើយ។ អ៊ីស្រាអែលបាននិយាយកាលពីពេលថ្មីៗនេះថា ការចាក់ដូសទី៣ មានប្រសិទ្ធភាព ៨៦ភាគរយក្នុងការការពារការឆ្លងកូវីដ-១៩ ក្នុងចំណោមមនុស្សមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ។
បើទោះបីជា ប្រទេសជាច្រើនពិសេសប្រទេសអ្នកមានកំពុងជំរុញការចាក់ដូសទី៣កាន់តែច្រើនសម្រាប់ពលរដ្ឋរបស់ខ្លួនក្ដី ប៉ុន្ដែ ប្រធានអង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះ បានចេញមុខអំពាវនាវឲ្យប្រទេសអ្នកមានទាំងនោះ កុំទាន់សម្រុកចាក់វ៉ាក់សាំងដូសទី៣អី ដ្បិតថា នៅមានប្រទេសក្រីក្រជាច្រើននៅមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ ហើយអង្គការសុភាពពិភពលោកថា ការចាក់ដូសទី៣នេះនៅមិនទាន់មានភាពចាំបាច់នៅឡើយ៕
អត្ថបទ៖ ស៊ើង និមល់