មិនតែប៉ុណ្ណោះ ក៏ក្រុមហ៊ុនសហគ្រាសខ្លះក្នុងវិស័យរ៉ែនេះ ក៏បានប្រកាស និងបង់ប្រាក់ពន្ធទាប ដែលពុំបានឆ្លុះបញ្ចាំងអំពីវិស័យមួយដែលកំពុងមានសក្តានុពល ព្រមទាំងពុំបានសហការ ឱ្យមន្ត្រីពន្ធដារចុះដល់ទីតាំងដោយផ្ទាល់ផងដែរ។
គណៈប្រតិភូនៃអគ្គនាយកដា្ឋនពន្ធដារ បានចុះទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រតិបត្តិការរុករករ៉ែ នៅតំបន់អូខ្វាវ របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត នៅទី២១ ខែមិថុនា ឆ្នាំ២០២២ ដើម្បីពិនិត្យមើលលើសក្តានុពលនៃការប្រមូលចំណូលពន្ធពីវិស័យរ៉ែ ដោយក្នុងនោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារជួបប្រទះនឹងឧបសគ្គនិងបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះវិស័យធនធានរ៉ែ ដោយក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងវិស័យនេះ ពុំបានផ្ដល់កិច្ចសហការពេញលេញ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ដោយពុំបានផ្តល់បញ្ចិកាគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធ ហើយក្រុមហ៊ុនខ្លះប្រកាស និងបង់ប្រាក់ពន្ធទាបដែលពុំបានឆ្លុះបញ្ចាំងអំពីវិស័យមួយដែលកំពុងមានសក្តានុពល ព្រមទាំងពុំបានសហការ ឱ្យមន្ត្រីពន្ធដារចុះមកដោយផ្ទាល់នោះឡើយ។
ឯកឧត្តមគង់ វិបុល បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានពន្ធដារចង់ឃើញក្រុមហ៊ុន និងសហគ្រាសដទៃផ្សេងៗក្នុងវិស័យធនធានរ៉ែនេះ មានការអនុវត្តប្រកបដោយស្តង់ដារនិងតម្លាភាព ប្រហាក់ប្រហែល ឬដូចទៅនឹងក្រុមហ៊ុន រឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត ដែលអាចនិយាយបានថា ជាប្រតិបត្តិការការងារល្អប្រសើរនិងជាគំរូ សម្រាប់ក្រុមហ៊ុននិងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះដែលតែងតែមានតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ។
តាមរយៈការសិក្សាដកពិសោធន៍ពីទស្សនកិច្ចសិក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងរៀបចំយន្តការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានល្អប្រសើរបន្ថែមទៀត ចំពោះវិស័យធនធានរ៉ែនេះ តាមរយៈការបង្កើតស្តង់ដារនៃការអនុវត្តនិងអនុលោមភាពសម្រាប់គម្រោងវិនិយោគផ្សេងទៀតក្នុងវិស័យដូចគ្នានេះ ដែលជាវិស័យកំពុងមានសក្តានុពល។
សូមបញ្ជាក់ថា បើឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានក្រុមសរុបចំនួន៧ ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ រុករករ៉ែមាសនៅកម្ពុជា ពីក្រសួងរ៉ែ និងថាមពល ដែលក្នុងនោះ មានការរុករកនៅតាមបណ្ដាខេត្តដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ បាត់ដំបង និងព្រះវិហារ ជាដើម។ ក្នុងចំណោមក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសចំនួន៧ គឺមានមានតែក្រុមហ៊ុន រឺនេសង់ មីនើរ៉ល (Renaissance Minerals (Cambodia) Limited) របស់អូស្ត្រាលីតែមួយគត់ ដែលមានការចម្រាញ់រ៉ែមាសលក្ខខណៈឧស្សាហកម្ម ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះ ក៏បាននាំចេញមាស ដែលបានចម្រាញ់រួចរាប់រយគីឡូក្រាមទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ៕