លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានតាំងពីឆ្នាំ២០២២មក កម្ពុជា បានទាញប្រយោជន៍ពីកិច្ចព្រមព្រៀងនេះបានយ៉ាងច្រើន ពិសេសការពង្រីកទីផ្សារនាំចេញ និងការចូលរួមកាន់ស៊ីជម្រៅក្នុងខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។ សម្រាប់អ្នកជំនាញរូបនេះ កំណើនដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារ RCEP គឺបានបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃគោលនយោបាយពាណិជ្ជកម្មបើកចំហររបស់កម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជានឹងអាចទាញសក្តានុពលពីកិច្ចព្រមព្រៀង RCEP ទៅជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាងគេមួយ ដែលផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់កម្ពុជា។ ជាក់ស្តែងកម្ពុជា សម្រេចបានកំណើនពាណិជ្ជកម្មខ្ពស់គួរឱ្យកត់សម្គាល់ជាមួយទីផ្សារដ៏ធំមួយនេះក្នុងឆ្នាំ២០២៥ កន្លងទៅ។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា ត្រូវពង្រឹងខ្លួនបន្ថែមទៀតដើម្បីទាញសក្តានុពលបន្ថែមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ តាមរយៈការពង្រីកចំណែកទីផ្សារឱ្យបានកាន់តែច្រើន និងការពង្រឹងគុណភាពស្តង់ដាផលិតផលនាំចេញ ពិសេសផលិតផលកសិកម្មតែម្តង។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅពេញមួយឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP សម្រេចបានទឹកប្រាក់ជាង៤០ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងឆ្នាំមុន ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំជាង៩ពាន់៧រយលានដុល្លារកើនឡើងជាង៧% ខណៈការនាំចូលមកកម្ពុជាវិញមានទំហំជាង៣០ពាន់លានដុល្លារ កើនឡើងជាង១៩%។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ មានប្រទេសជាសមាជិកចំនួន១៦ រួមមាន ប្រទសសមាជិកអាស៊ាន ចំនួន១១ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតនៅលើពិភពលោក៕