
ទីផ្សារហិរញ្ញវត្ថុត្រូវបានគេរំពឹងថានឹងមានភាពប្រែប្រួលតិចតួចនៅសប្តាហ៍នេះ បន្ទាប់ពីប្រទេសចិនបាន ប្រកាសជាចំហរថា ខ្លួននឹងមិនដំឡើងពន្ធ លើសពី ១២៥% លើផលិតផលអាមេរិក ហើយបានពិពណ៌នាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថាជារឿងកំប្លែង។
ក្រោយការប្រកាសបែបនេះ រដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានប្រកាសពីការលើកលែងពន្ធសម្រាប់ផលិតផលអេឡិចត្រូនិកដែលមកពីប្រទេសចិននៅចុងសប្តាហ៍នេះ ផងដែរ។
អ្នកវិភាគបានលើកឡើងថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានភាពប្រទាញប្រទង់បែបនេះ ហើយ ទើបធនាគារកណ្តាលអឺរ៉ុបកំពុងតែពិចារណាយ៉ាងល្អិតល្អន់ ចំពោះការកំណត់អត្រាការប្រាក់គោលនយោបាយគោលរបស់ខ្លួនជាថ្មីម្តងទៀត ។
ចាប់តាំងពីដើមខែមេសា មក សេដ្ឋកិច្ចពិភពលោក ជាពិសេសគឺអាស៊ីប៉ាស៊ីហ្វិក គឺមានស្ថានភាពរង្គោះរង្គឺខ្លាំង ដែលជាកត្តាដ៏មានឥទ្ធិពលបង្កើនភាពតានតឹងពាណិជ្ជកម្ម ។
ដើម្បីសម្រួលស្ថានភាពលំបាកនិងភាពតានតឹងនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ទើបធនាគារកណ្តាលអឺរ៉ុប កំពុងតែដាក់ចេញនូវសេណារីយូមួយចំនួន ដើម្បីកំណត់នូវចក្ខុវិស័យសេដ្ឋកិច្ចយ៉ាងណាឲ្យអឺរ៉ុបអាចបញ្ចៀសខ្លួនពីចេញពីវិថីសេដ្ឋកិច្ចដែលផុយស្រួយ និង ហានិភ័យផ្សេងៗ ។
គួររំលឹកថា កាលពីខែមីនា កន្លងទៅនេះ ធនាគារកណ្តាលអឺរ៉ុប បានសម្រេចចិត្តទម្លាក់អត្រាការប្រាក់ជាលើកទីពីរជាប់ៗគ្នាក្នុងខែមីនា ដោយធ្វើឱ្យអត្រាប្រាក់បញ្ញើធ្លាក់ចុះមកត្រឹម ២,៥% ហើយគេរំពឹងថា នឹងអាចបន្តទម្លាក់ បន្ថែមទៀត ដល់កម្រិត២,២៥% ទន្ទឹមនឹងនោះក៏មានអ្នកវិភាគខ្លះទៀតបានអះអាងថា គឺអាចទម្លាក់ដល់ទៅ ១,៥% ។
ដោយៈ សរ សុជាតិ