ការស្ទង់មតិមួយបានបង្ហាញថា កង្វះជំនាញវិជ្ជាជីវៈកំពុងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់និយោជកនៅទូទាំងទ្វីបអឺរ៉ុប។ ការស្ទង់មតិកាលពីឆ្នាំ២០២៣ បង្ហាញថា អត្រា ៥៤%នៃសហគ្រាសធុនតូច និងមធ្យម(SMEs) នៅសហភាពអឺរ៉ុបបានរាយការណ៍ថា បានជួបការលំបាកក្នុងការស្វែងរកបុគ្គលិកមានជំនាញត្រឹមត្រូវ ដែលជាបញ្ហាដ៏លំបាកមួយក្នុងចំណោមបញ្ហាលំបាកបំផុតរបស់ពួកគេ។
ក្រុមហ៊ុន Manpower Group ជាក្រុមហ៊ុនដោះស្រាយកម្លាំងពលកម្មសកលមួយបានរកឃើញ ថា និយោជក៣នាក់ ក្នុងចំណោម៤នាក់ នៅក្នុងប្រទេសចំនួន២១ នៅអឺរ៉ុប មិនអាចជ្រើសរើសអ្នកមានជំនាញបានតាមសេចក្ដីត្រូវការរបស់ពួកគេនោះទេ។ កាលពីឆ្នាំ២០១៨ និយោជកមិនអាចរកបានកម្មករត្រូវតាមជំនាញមាន៤២% ហើយតួលេខនេះបានកើនឡើង៣៣% ដោយឡើងដល់៧៩% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ការស្ទង់មតិដែលបានចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២៣ បានបង្ហាញថា កង្វះជំនាញការងារ គឺជាបញ្ហាប្រឈមសកលដ៏សំខាន់មួយ។ លោកស្រី ម៉ារ៉ា ស្តេហ្វេន (Mara Stefan) ជាបុគ្គលិកជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន Manpower Group បាននិយាយថា តួលេខក្នុងការស្ទង់មតិស្ដីពីកង្វះជំនាញវិជ្ជាជីវៈប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះបានកើនឡើងយ៉ាងខ្លាំង ខណៈដែលតម្រូវការសម្រាប់កម្មករមានជំនាញកំពុងជួបការលំបាកកាន់តែខ្លាំងឡើង។
លោកស្រី ម៉ារ៉ា បាននិយាយថា កត្តាជំរុញឱ្យការអត់ការងារធ្វើកើនឡើងនោះ គឺដោយសារកម្មករខ្វះជំនាញគ្រប់គ្រាន់ដើម្បីបំពេញការងារ ដែលមានស្រាប់ ឬការងារថ្មីគួបផ្សំនឹងអឺរ៉ុបមានចំនួនប្រជាជនចាស់កើនឡើង ហើយអត្រាកំណើតសកលបានធ្លាក់ចុះ ដែលរួមចំណែកបន្ថែមទៀតដល់គម្លាតជំនាញការងារ ដែលគេកំពុងជួបប្រទះសព្វថ្ងៃនេះ៕
អត្ថបទ៖ ព្រាប ស