
សហភាពអឺរ៉ុប ពេលនេះកំពុងត្រៀមដាក់ពន្ធសងសឹកលើសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោក និងដែលធ្លាប់តែជាសម្ពន្ធមិត្តស្អិតរមួតចាក់ទឹកមិនលិចរបស់ខ្លួន។ ចំណាត់ការនេះនឹងធ្វើឱ្យប្រាកដថា សហភាពអឺរ៉ុបនឹងចូលរួមជាមួយប្រទេសកាណាដា និងមហាយក្សចិន ដើម្បីប្រឆាំងនឹងពន្ធខ្ពស់កប់ពពកដាក់ដោយលោក ដូណាល់ ត្រាំ។ សហភាពអឺរ៉ុប ដែលបច្ចុប្បន្នមានសមាជិក២៧ប្រទេសប្រឈមនឹងពន្ធអាម៉េរិក២៥% លើទំនិញដែកថែប អាលុយមីញ៉ូម និងរថយន្ត និងពន្ធគយដាច់ដោយឡែក២០% ផ្សេងទៀត ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី៩ ខែមេសា។
ពន្ធរបស់លោក ដូណាល់ ត្រាំ មានវិសាលភាពគ្របដណ្ដប់រហូតដល់ទៅប្រមាណ៧០% នៃការនាំចេញរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាម៉េរិក ដែលមានទំហំសរុបរហូតដល់ទៅ៥៨៥ពាន់លានដុល្លារកាលពីឆ្នាំមុន។
ចាប់ពីថ្ងៃទី៩ ខែមេសា តទៅ សហភាពអឺរ៉ុបនឹងដាក់ចេញពន្ធសងសឹករហូតដល់ទៅ២៥% លើទំនិញរបស់សហរដ្ឋអាម៉េរិក ដោយផលិតផលកាន់តែច្រើនឡើងប្រឈមនឹងពន្ធសងសឹកនៅខែមេសា នេះ និងឧសភា។ ទំនិញដែលប្រឈមនឹងពន្ធសងសឹកនេះ រួមមានសាច់ ស្រា គ្រាប់ធញ្ញជាតិ សម្លៀកបំពាក់ ឈើចាក់ធ្មេញ និងក្រដាសបង្គន់អនាម័យ។
ទន្ទឹមនេះ ទំនិញមួយចំនួនទៀតដូចជាស្រាវីស្គីជាដើម ក៏ប្រឈមពន្ធខ្ពស់រហូតដល់ទៅ៥០% ផងដែរ ជាហេតុនាំឱ្យលោក ដូណាល់ ត្រាំ ខឹងឆេះដុំរហូតគំរាមដាក់ពន្ធសងសឹកវិញរហូតដល់ទៅ២០០% លើស្រារបស់សហភាពអឺរ៉ុប។
ទាក់ទិនបញ្ហានេះ កំពូលមហាសេដ្ឋី Elon Musk ដែលជាទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ បានជំរុញឱ្យសហភាពអឺរ៉ុបរក្សាភាពអត់ធ្មត់ និងស្វែងរកការចរចាឈ្នះៗទាំងអស់គ្នា ហើយថា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប គួរតែរឹតទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធ និងរឹងមាំ ហើយលោកសង្ឃឹមថា សហរដ្ឋអាម៉េរិក និងអឺរ៉ុប នឹងអាចឈានទៅដល់ការបង្កើតបាននូវតំបន់ពន្ធ០% នៅថ្ងៃអនាគត៕
ដោយ: តែម សុខុម