
ជុំវិញនឹងហេតុការធ្លាក់យន្ដហោះនេះដែរ ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ខ្លួននៅមិនទាន់មានព័ត៌មានក្នុងដៃ ដើម្បីបញ្ជាក់ថាយន្តហោះនោះពិតជាត្រូវបានវាយប្រហារដោយមីស៊ីលពីដីទៅអាកាសមែន ឬយ៉ាងណានោះទេ។ គ្រាន់តែដឹងថា យន្តហោះដែលធា្លក់នោះពិតជាមានលោក Prigozhin នៅក្នុងនោះមែន។
ការធ្លាក់យន្តហោះកាលពីថ្ងៃទី២៣ខែសីហា បានកើតឡើងនៅភាគពាយព្យនៃទីក្រុងមូស្គូ និងបានសម្លាប់អ្នករួមដំណើរទាំងអស់នៅលើយន្តហោះ រួមទាំងលោក Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល និងមេបញ្ជាការកំពូលផ្សេងទៀត។ ទន្ទឹមគ្នា មានការលើកឡើងខុសៗគ្នាអំពីមូលហេតុការធ្លាក់នេះ ដោយអ្នកខ្លះថា ជាការសងសឹងរបស់យោធារុស្ស៊ី ដែលលោកពូទីនបញ្ជានៅពីក្រោយ និងខ្លះថា ជាស្នាដៃរបស់អ៊ុយក្រែន រីឯខ្លះថាបណ្តាលមកពីបញ្ហាបច្ចេកទេស និងម៉ាស៊ីនយន្តហោះ។ ទោះជាយ៉ាងណាក៏ដោយចុះ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងពីខែ បន្ទាប់ពីក្រុមទាហាន Wanger បានបះបោរបោរប្រឆាំងនឹងវិមានក្រឹមឡាំង ដែលលោក Prigozhin ដឹកនាំនៅពីក្រោយ។ មកដល់ពេលនេះ អាជ្ញាធររុស្ស៊ីកំពុងតែកំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់នៅឡើយ។
ក្នុងជំនួបជាមួយប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk នៅវិមានក្រឹមឡាំង លោកពូទីនបានថ្លែងសាររំលែកទុក្ខយ៉ាងស្មោះចំពោះក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ និងថានេះគឺជាសោកនាដកម្ម»។ លោកថា លោកបានស្គាល់លោក Prigozhin យូរមកហើយ ដែលលោកគឺជាមនុស្ស«ដែលមានទេពកោសល្យ» ប៉ុន្តែគេវាសនាមិនល្អ ដោយបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរមួយចំនួននៅក្នុងជីវិត។
ជាការពិត ការធ្លាក់យន្តហោះរបស់ Prigozhin បានកើតឡើងពីរខែបន្ទាប់ពីលោកនិងទាហាន Wagner រាប់ពាន់នាក់ បានចាប់ផ្តើមការបះបោរប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ីដោយឆ្ពោះទៅទីក្រុងម៉ូស្គូ ដែលជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះអំណាចលោកពូទីនជាងពីរទសវត្សរ៍មកនេះ។ ប៉ុន្មានថ្ងៃបន្ទាប់ពីការបះបោរនេះ ពូទីនបានចាត់ទុកសកម្មភាពរបស់ Wagner ថាជាទម្រង់នៃអំពើក្បត់ជាតិ ប៉ុន្តែមិនបានបង្ហើបឈ្មោះលោក Prigozhinដែលជាអ្នកដឹកនាំការបះបោរនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ សាក្សីម្នាក់ដែលឃើញហេតុការធ្លាក់យន្តហោះនោះ បានប្រាប់រ៉យទ័រថា គាត់បានឃើញស្លាបហោះចេញពីយន្តហោះ មុនពេលវាធ្លាក់មកដល់ដី។ គ្មានភ័ស្តុតាងណាមួយត្រូវបានបង្ហាញថា វាមានការជាប់ពាក់ព័ន្ធជាមួយវិមានក្រឹមឡាំង ឬស្នាដៃរបស់ភ្នាក់ងារចារកម្មរុស្ស៊ីនោះទេ។ មូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងនៅឡើយទេ ខណៈអាជ្ញាធររុស្ស៊ីបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មកម្រិតធ្ងន់នេះហើយ។
ដោយឡែក ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនទាន់មានព័ត៌មានថ្មីអំពីថាការធ្លាក់យន្តហោះនោះ បណ្តាលមកពីវាយប្រហារដោយមីស៊ីលបាញ់ពីដីទៅអាកាសដែរ។ ឧត្តមសេនីយឯក Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ជាកោណថា អាមេរិកមិនទាន់មានភស្តុតាង ឬព័ត៌មានលម្អិតបន្ថែមអំពីអ្វីហេតុការនេះនៅឡើយទេ ប៉ុន្តែសម្មតថាយន្តហោះនោះពិតជាដឹកលោកPrigozhinមែន។