បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ការអភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ បានបញ្ជាក់ដូច្នេះ ក្នុងសប្ដាហ៍នេះ រដ្ឋបាលព្រៃឈើបានកត់សម្គាល់ឃើញថា មានសាធារណជនជាច្រើនបានមានចម្ងល់អំពី ស្ថានភាពព្រៃឈើនៅភ្នំតាម៉ៅ។ សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ដូច្នេះថា «រដ្ឋបាលព្រៃឈើ សូមធ្វើការជម្រាបជូនសាធារណជនអោយបានជ្រាបថា តំបន់ភ្នំតាម៉ៅនេះ ជាតំបន់ស្ថានីយ៍ស្តារព្រៃឈើមួយ ដែលមានដំណុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ បើតាមការអះអាងរបស់រដ្ឋបាលព្រៃឈើ តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះ រាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការ អភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។»
រដ្ឋបាលព្រៃឈើបានបញ្ជាក់ជាថ្មីថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅនេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅអោយមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមនី្ទរជាតិ នៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារី នៅខេត្តសៀមរាប ការបង្កើតសួនភូតគាម នៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។ ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួង ពិនិត្យនិងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ។
បើតាមការបញ្ជាក់របស់រដ្ឋបាលព្រៃឈើ តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និងកម្រ នោះទេ តែតំបន់នេះ មានជ្រូកព្រៃដែលតែងតែរំខានដល់ដំណាំរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ។ សត្វព្រៃដែលលើកឡើងកន្លងមកគឺជាសត្វព្រៃបាន ថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព១០០% ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។
សត្វព្រៃដែលតែងតែលើកឡើងដោយអង្គការ សកម្មជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀត ដូចជាប្រើស រម៉ាំង ក្រៀល រនាល ទុង ត្រូវបានដោះលែង ឲ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង៤០០ហិកតា និងមិនមានសត្វព្រៃ អាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សាផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។
យ៉ាងណាក៏ដោយចុះ កន្លងមក អង្គការ សម្ព័ន្ធសត្វព្រៃ បានអំពាវនាវឲ្យមានការគិតគូរឡើងវិញ អំពីការអភិវឌ្ឍន៍នេះ ដោយសារតែបារម្ភអំពីផលប៉ះពាល់ ដល់សត្វព្រៃជាច្រើនប្រភេទ ដែលរស់នៅក្នុងតំបន់នោះ៕