ក្រុមការងាររបស់រាជរដ្ឋាភិបាលនៅតែបន្តយុទ្ធនាការ ក្នុងការចុះប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន របស់ខ្លួន ដើម្បីជួយសម្រួលទីផ្សារដល់កសិករ ដែលដាំដុះដំណាំមៀនប៉ៃលិន នៅតាមបណ្ដាខេត្តចំនួន ក្រោយពីផ្លែមៀនប៉ៃលិនទាំងនោះ មិនអាចនាំចេញទៅកាន់ទីផ្សារថៃបាន។ ជាជំហានដំបូងនៃយុទ្ធនាការនេះ ក្រុមការងាររបស់រដ្ឋាភិបាល បានចុះប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ជិត ២ពាន់តោន ដោយចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែសីហា។ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ជាអ្នកបន្តនូវសកម្មភាពទិញផ្លែមៀនប៉ៃលិននេះ ដោយលោកបានចាប់ផ្ដើមបន្តយុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ពីកសិករ ក្នុងខេត្តបាត់ដំបង តាំងពីថ្ងៃទី៣ ខែកញ្ញា មក។
ដោយឡែក សម្រាប់ផ្លែមៀនប៉ៃលិន ឬតាង៉ែន ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រមូលទិញផ្ទាល់ពីក្រុមកសិករ ក្នុងខេត្តបាត់ដំបង និងខេត្តដទៃ ត្រូវបានយកមកលក់បន្ត នៅតាមទីតាំងជាច្រើន ក្នុងរាជធានីភ្នំពេញ រួមទាំងខេត្តសៀមរាប និងតាកែវ ផងដែរ ក្នុងតម្លៃ ១ពាន់៩រយរៀល ក្នុងមួយគីឡូក្រាម។
បើតាមការបញ្ជាក់របស់ក្រុមការងារចុះប្រមូលទិញផ្លែមៀនប៉ៃលិន នៅជុំទី១ ត្រូវបានបញ្ចប់ ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា គឺជាអ្នកចុះប្រមូលទិញផ្ទាល់ពីកសិករ បន្តពីក្រុមការងាររដ្ឋាភិបាលកម្ពុជា។ លោក សេង ឌីលីន ក្រុមការងារប្រមូលទិញផ្លែមៀន បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា កន្លងមក ក្រុមការងារបានចុះប្រមូលទិញផ្លែមៀនប៉ៃលិន ដោយផ្ទាល់ពីក្រុមកសិករជីត២ពាន់តោន ភាគច្រើន គឺជាផ្លែមៀនរបស់កសិករ ក្នុងខេត្តបាត់ដំបង ដែលរួមចំណែកជួយសម្រួលដល់កសិករ ក្នុងខេត្តនេះ ប្រមាណ៩០% ឯណោះ។
លោក ឈឹម វិជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា ខេត្តបាត់ដំបង ជាទីតាំងក្នុងការប្រមូលទិញផ្លែមៀន ដូច្នេះ ផ្លែមៀនភាគច្រើនដែលប្រមូលទិញកន្លងមក គឺជាផ្លែមៀនរបស់កសិករ ក្នុងខេត្តបាត់ដំបង ដោយឡែក ផ្លែមៀនរបស់កសិករ ខេត្តដទៃ ដែលជួបបញ្ហាប្រឈម ក្រុមការងារក៏បានចុះប្រមូលទិញមួយចំនួនដែរ។ បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង សព្វថ្ងៃ ផ្លែមៀនប៉ៃលិន ដែលក្រុមការងាររដ្ឋាភិបាលប្រមូលទិញ មានតម្លៃ ២ពាន់រៀល ទៅ ២ពាន់៥រយរៀល ក្នុងមួយគីឡូក្រាម។
ចំណែកលោក សួន ជុំ អនុគណៈកម្មាធិការខាងដំណាំមៀនប៉ៃលិន ក្នុងខេត្តប៉ៃលិន យល់ថា ជាដំណោះស្រាយដ៏ល្អមួយសម្រាប់កសិករ ដែលរដ្ឋាភិបាលបានគិតគូ ដល់កសិករ និងបានដោះស្រាយបញ្ហាចំពោះមុខ យ៉ាងមានប្រសិទ្ធភាព។ ដ្បិតថា យុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិន ភាគច្រើន បានប្រមូលទិញផ្លែមៀន របស់កសិករ នៅខេត្តបាត់ដំបង តែយ៉ាងណាលោក សួន ជុំ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា សព្វថ្ងៃ ផ្លែមៀនប៉ៃលិន ក្នុងខេត្តប៉ៃលិនផ្ទាល់ មិនសូវមានការកកស្ទះ នោះទេ ព្រោះបច្ចុប្បន្ន ក៏មានឈ្មួញមួយចំនួន បានចុះទិញដែរ។
សូមបញ្ជាក់ថា កម្ពុជា មានផ្ទៃដីដាំដុះដំណាំមៀនប៉ៃលិន សរុបជាង១ម៉ឺន៣ពាន់ហិកតា ដែលអាចប្រមូលផលបានជិត ៧ពាន់ហិកតា។ ដោយឡែក បរិមាណនៃការប្រមូលផលសរុប ក្នុងឆ្នាំនេះ មានប្រមាណ ១១ម៉ឺនតោន។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ ខន ណារី