កម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកគ្រូបង្រៀនជាក្បាលម៉ាស៊ីន នៃប្រព័ន្ធអប់រំ និងការអភិវឌ្ឍ


កម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ«គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិ» ក្នុងគោលបំណងជួយបំផុសស្មារតីរបស់សិស្សានុសិស្ស និងនិស្សិតឲ្យចេះដឹងគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តសម្រាប់ពួកគេកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រូបង្រៀនជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះដឹង និងអត្តចរិកដល់កុលបុត្រកុលធីតា ដែលជាទំពាំងស្នងឬស្សី។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកគ្រូបង្រៀនជាក្បាលម៉ាស៊ីន នៃប្រព័ន្ធអប់រំ និងការអភិវឌ្ឍ

សម្តេចតេជោ បានគូសបញ្ជាក់ថា ផ្តើមពីយុទ្ធសាស្ត្រអ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ កម្ពុជាកសាងបានធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិឲ្យមានការរីកចម្រើនមកទល់បច្ចុប្បន្ន។

តាមរយៈសារចូលរួមអបអរសាទរទិវាគ្រូបង្រៀនអន្តរជាតិ នៅថ្ងៃទី៥ តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរំលឹកពីប្រវត្តិ និងគោលបំណង ដែលកម្ពុជាបានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀនមកទល់បច្ចុប្បន្ន។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ទិវានេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩៧ ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្សចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ សម្តេចតេជោ បានចាត់ទុកគ្រូបង្រៀនជាមាតាបិតាទីពីរបន្ទាប់ពីឪពុកម្តាយ និងអាណាព្យាបាល ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្តល់ការអប់រំទាំងចំណេះដឹង សីលធម៌ និងអត្តចរិតដល់កុលបុត្រកុលធីតា ដែលជាទំពាំងស្នងឬស្សី។

«ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។ នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ»។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកគ្រូបង្រៀនជាបេះដឹង និងជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ប្រព័ន្ធអប់រំ និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាលើពិភពលោក។ លើសពីនេះគ្រូបង្រៀនជាឆ្អឹងខ្នងនៃកំណែទម្រង់របស់សាលារៀន និងជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារវិស័យអប់រំនៅកម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងអរគុណដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីអប់រំចំពោះការខិតខំ និងលះបង់កម្លាំងកាយចិត្តជួយបណ្តុះបណ្តាលសិស្សានុសិស្ស និងនិស្សិតគ្រប់រូបកន្លងមក ជាពិសេសក្នុងអំឡុងវិបត្តិកូវីដ-១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជួយលើកកម្ពស់គ្រូបង្រៀន, លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា។

ជុំវិញទិវាគ្រូបង្រៀននេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានចាត់ទុកគ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ ដើម្បីការអភិវឌ្ឍ និងជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។ ជាពិសេសគ្រូបង្រៀន ជាប្រទីបបំភ្លឺលោកប្រកបដោយគតិបណ្ឌិត។

ដើម្បីអបអរទិវាគ្រូបង្រៀន ៥ តុលា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសម្តែងនូវក្តីគោរព និងអរគុណចំពោះលោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់មិនគិតនឿយហត់ក្នុងការងារអប់រំ ផ្តល់ចំណេះដឹងដល់សិស្សានុសិស្សគ្រប់ៗរូប។ ជាពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបប្រទះនឹងវិបត្តិជំងឺឆ្លងរាលដាលដ៏កាចសាហាវ កាលពីពេលថ្មីៗកន្លងទៅ លោកគ្រូ អ្នកគ្រូបានព្យាយាមជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្តនិរន្តភាពនៃការងារអប់រំ និងឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ។

ជាមួយគ្នានេះឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាង២ឆ្នាំ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបានឈានមុខគេក្នុងការគាំទ្រសិស្សានុសិស្សឲ្យបន្តការសិក្សា និងស្តារការរៀនសូត្រដែលបាត់បង់។ ក្នុងបរិបទកូវីដ-១៩ សាលារៀនត្រូវបានបិទទ្វារ លោកគ្រូ អ្នកគ្រូជាច្រើន បានខ្នះខ្នែងរៀនជំនាញឌីជីថលថ្មីៗ ដើម្បីផ្លាស់ប្តូរការបង្រៀនពីការរៀននៅថ្នាក់បែបប្រពៃណីទៅជាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និងតាមបែបចម្រុះ។

សម្រាប់ឯកឧត្តម គុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញ បញ្ញាស្មារតី ដើម្បីបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងបទពិសោធ ក៏ដូចជាអប់រំទូន្មានតម្រង់ទិសដល់សិស្សានុសិស្ស ដូចជាកូនៗរបស់ខ្លួន រហូតដល់លោកគ្រូ អ្នកគ្រូ ត្រូវបានមនុស្សទាំងឡាយប្រសិទ្ធនាមថា “ជាឪពុកម្តាយទី២ របស់សិស្សានុសិស្ស” បន្ទាប់ពីឳពុកម្តាយ ដែលបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូននោះ៕




អត្ថបទបន្ទាប់


បច្ចុប្បន្នភាពស្ដីពីការងាររបស់ TikTok ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ថ្ងៃនេះ TikTok បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសាដល់ខែមិថុនា ដែលបានបង្ហាញពីការរីកចម្រើនក្នុងការទប់ស្កាត់ព័…

ចំណូលគយឆ្នាំនេះ រំពឹងនឹងកើនលើសផែនការតិចតួច ខណៈ៩ខែឆ្នាំនេះ ប្រមូលបានជាង ២ពាន់លានដុល្លារ

នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលពន្ធអាករសរុប ជាង២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង ៧៨ភាគរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ