ឥណ្ឌានិងប្រទេសធំៗនៅអាស៊ានចំនួនប្រាំនឹងមានកំណើនសេដ្ឋកិច្ចយឺតក្នុងនៅឆ្នាំ២០២៣

IMF ព្យាករថា ឥណ្ឌា និងប្រទេសសេដ្ឋកិច្ចធំៗទាំង៥នៅអាស៊ាន នឹងមានកំណើនសេដ្ឋកិច្ចយឺតក្នុងនៅឆ្នាំ២០២៣


នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ដែលបានចេញផ្សាយនៅថ្ងៃអង្គារទី៣១មករាបានបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំៗនៅតំបន់អាស៊ី ដូចជាឥណ្ឌា រួមទាំងប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ានផងនោះ គឺសុទ្ធតែមានកំណើនយឺតជាងមុខទាំងអស់ សម្រាប់ឆ្នាំ២០២៣នេះ។ ដោយឡែក ប្រទេសចិនដែលជាយក្សសេដ្ឋកិច្ចនៅអាស៊ីដែរនោះ នឹងមានកំណើនសេដ្ឋកិច្ចប្រសើរជាងគេ ក្រោយការបើកទ្វារប្រទេសឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
IMF ព្យាករថា ឥណ្ឌា និងប្រទេសសេដ្ឋកិច្ចធំៗទាំង៥នៅអាស៊ាន នឹងមានកំណើនសេដ្ឋកិច្ចយឺតក្នុងនៅឆ្នាំ២០២៣
ដោយ

ទោះយ៉ាងណា ចិននឹងបន្តជួបវិបត្តិធ្លាក់ចុះនៅតាមវិស័យមួយចំនួនដូចជា វិស័យអចលនទ្រព្យ ដែលនឹងជះឥទ្ធិពលផងដែរ ដល់សេដ្ឋកិច្ចសាកល។

ក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចដដែលIMFបញ្ជាក់ថា ការធ្លាក់ចុះនៅក្នុងកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ គឺដោយសារតែប្រទេសសេដ្ឋកិច្ចធំៗ ដែលជាក្បាលម៉ាស៊ីន មានកំណើនយឺតដូចគ្នា។

ជាក់ស្តែង ឥណ្ឌា និងប្រទេសអាស៊ានធំៗចំនួន៥ នឹងមានកំណើនសេដ្ឋកិច្ចកាន់តែយឺតនៅឆ្នាំ២០២៣នេះ ខណៈដែលអត្រាការប្រាក់បន្តកើនឡើងខ្ពស់ ប៉ះពាល់ដល់សេដ្ឋកិច្ចសាកល។ យ៉ាងណាមិញ ប្រទេសទាំង៦នេះ នឹងបង្កើនល្បឿនសេដ្ឋកិច្ចឡើងវិញនៅក្នុងឆ្នាំ២០២៤។

កំណើនសេដ្ឋកិច្ចឥណ្ឌា ដែលត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងរង្វង់ ៦,៨% ក្នុងឆ្នាំសារពើពន្ធ ២០២២ ត្រូវបានព្យាករថានឹងកាន់តែចុះខ្សោយធ្លាក់ដល់ក្នុងរង្វង់ ៦,១% ក្នុងឆ្នាំសារពើពន្ធ ២០២៣ មុនពេលវិលទៅរកកំណើន ៦,៨% វិញ ក្នុងឆ្នាំសារពើពន្ធ ២០២៤។ ចំណែកប្រទេសអាស៊ានចំនួន៥ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ក៏ត្រូវបានព្យាករថានឹងរអិលចុះមកត្រឹម៤,៣%ដែរក្នុងឆ្នាំនេះ ខណៈកាលពីឆ្នាំទៅមិញមានកំណើនក្នុងរង្វង់ ៥,២%។ យ៉ាងណាមិញប្រទេសចិន ដែលទើបទ្វារឡើងវិញក្រោយការបិទខ្ទប់រយៈពេល៣ឆ្នាំដោយសារកូវីដ១៩នោះ នឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,២%នៅឆ្នាំ២០២៣ ខណៈកំណើនប៉ាន់ស្មានឆ្នាំ២០២២ មានក្នុងរង្វង់ ៣% ប៉ុណ្ណោះ។

លោក Pierre Olivier Gourinchas សេដ្ឋវិទូរបស់ IMF បានឱ្យដឹងថា ចិននិងឥណ្ឌា នឹងរួមចំណែកគ្នា តំណាងឱ្យពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចសាកលក្នុងឆ្នាំ២០២៣នេះ។

លោកបញ្ជាក់ថា ការបើកប្រទេសឡើងវិញរបស់ចិន គឺជាការបើកផ្លូវសម្រាប់ការវិលមកវិញយ៉ាងលឿនក្នុងសកម្មភាពសេដ្ឋកិច្ច។ ជាមួយគ្នានោះ ស្ថានភាពហិរញ្ញវត្ថុសាកល បានធ្វើឱ្យប្រសើរឡើងខណៈសម្ពាធអតិផរណា បានចាប់ផ្តើមថមថយ នោះក៏ដោយសារតែការចុះខ្សោយប្រាក់ដុល្លារអាមេរិក ពីការកើនឡើងខ្ពស់ក្នុងខែវិច្ឆិកា។

ទន្ទឹមនេះ កំណើនសេដ្ឋកិច្ចជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយដែរនោះ ត្រូវបានព្យាករថា នឹងស្ទុះឡើងពីរង្វង់១,៤%ក្នុងឆ្នាំ២០២២ ទៅដល់១,៨% ក្នុងឆ្នាំ២០២៣ ប៉ុន្តែអាចធ្លាក់ចុះមកវិញប្រហែលត្រឹម ០,៩% វិញនៅក្នុងឆ្នាំ២០២៤។

ទោះយ៉ាងណា របាយការណ៍ថ្មីចុងក្រោយនេះគឺមានសុទិដ្ឋិនិយមច្រើនជាងរបាយការណ៍របស់ IMF កាលពីខែតុលា ដែលទោះជាប្រទេសមួយចំនួនបង្ហាញពីកំណើនយឺតមែន តែការព្យាករកំណើនសរុបសម្រាប់ឆ្នាំនេះគឺហាក់ល្អប្រសើរជាង។ ជាមួយគ្នានេះ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសាកល ហានិភ័យអតិផរណា និងវិបត្តិសេដ្ឋកិច្ចចេញពីសង្គ្រាមនៅអ៊ុយក្រែន នឹងត្រូវបានគេប៉ាន់ស្មានមកមានកម្រិតទាបជាងមុន។

ប៉ុន្តែ អ្វីដែលគួរឱ្យបារម្ភនោះ ការឆ្លងរាលដាលជំងឺកូវីដ១៩នៅប្រទេសចិនដែលកំពុងកើនឡើងវិញ និងការធ្លាក់ចុះវិស័យអចលនទ្រព្យ ក៏នឹងប៉ះពាល់ដល់ការងើបឡើងវិញសេដ្ឋកិច្ចប្រទេសមួយនេះផងដែរ ហើយអាចបន្តជះចំហាយអាក្រក់ដល់សេដ្ឋកិច្ចសាកល។ IMF បានផ្តល់អនុសាសន៍ក្នុងការដោះស្រាយបញ្ហានេះ គឺត្រូវផ្តោតទៅលើកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងក្នុងប្រទេសចិនចំពោះប្រជាជនដែលងាយរងគ្រោះ ព្រមទាំងសកម្មភាពពីរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិដីធ្លី និង អចលនទ្រព្យ៕




អត្ថបទបន្ទាប់


ហេតុអ្វី IMF ដំឡើងព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំនេះ ប៉ុន្តែព្រមានពីហានិភ័យអត្រាការប្រាក់នៅតែមានខ្ពស់?

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានបង្កើនការព្យាករទៅលើអត្រាកំណើនសេដ្ឋកិច្ចសាកលសម្រាប់ឆ្នាំ២០២៣នេះខ្ពស់ជាងមុនបន្តិច ប៉ុន្តែក៏បានព្…

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរអគ្គនាយកដ្ឋានពន្ធដារចំពោះការប្រមូលចំណូលលើសផែនការ នៅឆ្នាំ២០២២

ព័ត៌មាន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតកោតសរសើរជូនអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ