ទន្ទឹមគ្នានេះអ្នកជំនាញសេដ្ឋកិច្ចបានជំរុញឱ្យកម្ពុជាបង្កើនល្បឿនកំណែទម្រង់តាមរយៈការធ្វើពិពិធកម្មប្រភពវត្ថុធាតុដើម ទាក់ទាញទុនវិនិយោគពីអាម៉េរិក និងអឺរ៉ុប ព្រមទាំងពង្រឹងវិស័យបច្ចេកវិទ្យា AI និងអេឡិចត្រូនិក ដើម្បីកាត់បន្ថយហានិភ័យ និងលើកកម្ពស់ភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នាពេលបច្ចុប្បន្ន ស្ថិតក្នុងបរិយាកាសល្អប្រសើរ និងមានការយោគយល់គ្នាទៅវិញទៅមក។ ពាក់ព័ន្ធនឹងករណីដែលអាម៉េរិកស៊ើបអង្កេត និងចាត់ថ្នាក់កម្ពុជា ក្នុងកម្រិតទី៣ ជាប្រទេសជួយនាំចេញទំនិញចិន គេចពន្ធអាម៉េរិក ឯកឧត្តម បានអះអាងថា កម្រិតនេះ ជាកម្រិតស្រាល ដែលមិនទាន់បង្កជាឧបសគ្គធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែក្រសួង និងស្ថាប័នពាក់ព័ន្ធបាន និងកំពុងខិតខំប្រឹងប្រែងបង្ហាញជំហរច្បាស់លាស់ក្នុងការបំពេញតាមតម្រូវការ និងស្តង់ដាទីផ្សារអាម៉េរិក។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា អាជ្ញាធរកំពុងតាមដាន និងត្រួតពិនិត្យយ៉ាងហ្មត់ចត់លើប្រភពដើមនៃវត្ថុធាតុដើមទាំងនាំចូល និងផលិតក្នុងស្រុក ដើម្បីធានាថា គ្មានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏កំពុងជំរុញការទាក់ទាញវិនិយោគិនបរទេសឱ្យមកបង្កើតរោងចក្រផលិតវត្ថុធាតុដើមដោយផ្ទាល់នៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃទំនិញសម្រេចសម្រាប់នាំចេញ ជាពិសេសទៅទីផ្សារអាម៉េរិក។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ទោះបីជាការចាត់ថ្នាក់របស់អាម៉េរិក មិនទាន់ឈានដល់កម្រិតធ្ងន់ធ្ងរក៏ដោយ តែកម្ពុជា ចាំបាច់ត្រូវតែធ្វើកំណែទម្រង់ស៊ីជម្រៅលើពាណិជ្ជកម្មទ្វេភាគីជាមួយអាម៉េរិក។ អ្នកជំនាញរូបនេះបានផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាគួរពង្រឹងច្បាប់នាំចូលវត្ថុធាតុដើម ដោយគួរបង្វែរទិសដៅទៅនាំចូលផ្ទាល់ពីអាម៉េរិក ឬប្រទេសដៃគូរបស់អាម៉េរិក ដូចជា ក្រណាត់ និងកប្បាស ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន។ បន្ថែមលើនេះ កម្ពុជា គួរបង្កើនការនាំចូលផលិតផលពីអាម៉េរិក ដូចជាគ្រឿងចក្រ គ្រឿងបន្លាស់ ប្រេងឥន្ធនៈ និងឧស្ម័ន និងទំនិញបរិភោគ ដើម្បីធ្វើឱ្យជញ្ជីងពាណិជ្ជកម្មមានសមតុល្យប្រសើរជាងមុន។ បន្ថែមលើនេះត្រូវផ្តល់ការលើកទឹកចិត្តដល់វិនិយោគិនអាម៉េរិក និងអឺរ៉ុប ដើម្បីឱ្យពួកគេមកបោះទុនលើវិស័យបច្ចេកវិទ្យាឌីជីថល AI អេឡិចត្រូនិក និងការកែច្នៃរ៉ែកម្រនៅកម្ពុជា។
គួររំលឹកថា ក្រសួងពាណិជ្ជកម្មអាម៉េរិក បានដាក់បញ្ចូលកម្ពុជា ទៅក្នុងកម្រិតទី៣ នៃក្រុមប្រទេសជាង៤០ ដែលត្រូវបានសង្ស័យថា ជាច្រកឆ្លងកាត់ទំនិញចិន ដើម្បីបន្លំប្រភពដើម និងគេចពន្ធអាម៉េរិក។ កាលពីពេលថ្មីៗនេះ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក៏បានសម្រេចកំណត់ពន្ធ១០% លើមុខទំនិញមួយចំនួនពីកម្ពុជា ក្រោមហេតុផលសង្ស័យពាក់ព័ន្ធនឹងកម្លាំងពលកម្មដោយបង្ខំលើការនាំចូលវត្ថុធាតុដើមដូចជា កប្បាស អាលុយមីញ៉ូម និងប៉ូលីស៊ីលីកូន (Polysilicon) ក្នុងចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលអាម៉េរិកអះអាងថាបានប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព៕