ទោះបីយ៉ាងនេះក្តី ថ្នាក់ដឹកនាំនាយកដ្ឋានទទួលបន្ទុកកិច្ចសិប្បកម្មនៃក្រសួងឧស្សាហកម្មរំពឹងថា ការផលិតអំបិលឆ្នាំនេះនឹងទទួលបានទិន្នផលអាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ខណៈបច្ចុប្បន្នសល់អំបិលនាំចូលជាង១ម៉ឺនតោនមិនទាន់ប្រើប្រាស់ ដែលជាងបំបិលនាំចូលពីប្រទេសឥណ្ឌា។
លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងឧស្សាហកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាកំពុងធ្វើការរួមគ្នា ដើម្បីជំរុញកំណើនផលិតកម្មអំបិល និងដោះស្រាយបញ្ហាការធ្លាក់ចុះចំនួនអ្នកផលិតអំបិលនៅកម្ពុជា។ ការសហការគ្នារវាងក្រសួងទាំងពីរនេះធ្វើឡើងក្រសួងមើលឃើញពីការធ្លាក់ចុះទិន្នផលអំបិលនៅប៉ុន្មានឆ្នាំចុងក្រោយ គួបផ្សំមានពលរដ្ឋកាន់តែច្រើនបានបោះបង់អាជីពហាលក្រោមកម្តៅថ្ងៃមួយនេះ។ ការរក្សាសន្និធិអំបិលសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ក៏ស្ថិតក្នុងគោលបំណងនៃការសហការគ្នារវាងក្រសួងទាំងពីរនេះដែរ។
ទោះបីមានពលរដ្ឋមួយចំនួនបានបោះបង់ការផលិតអំបិលនៅឆ្នាំនេះក៏ដោយ តែថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការសិប្បកម្មរូបនេះជឿជាក់ថា ឆ្នាំនេះកម្ពុជានឹងមិនមានការនាំចូលអំបិលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកទៀតនោះទេ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នកម្ពុជានៅសល់អំបិលនាំចូលកាលពីឆ្នាំមុនជាង១ម៉ឺនតោនក្នុងស្តុក សម្រាប់ត្រៀមឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលអំបិលទាំងនោះ គឺត្រូវបាននាំចូលពីប្រទេសឥណ្ឌា។
កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចូលអំបិលជាច្រើនម៉ឺនតោនពីប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈដែលការផលិតជួបបញ្ហាអាកាសធាតុ និងខ្វះខាតកម្លាំងពលកម្ម។
បើតាមការគូសបញ្ជាក់របស់លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន័ខេត្តកែប នៅឆ្នាំនេះមានកសិករចំនួន៧ក្រុមស្នើនឹង៤០គ្រួសារបានបន្តការផលិតអំបិល ខណៈប្រជាកសិករចំនួន១៤ក្រុមស្នើនឹង៥០គ្រួសារបានបោះបង់ការផលិតអំបិលនៅឆ្នាំនេះ។ ប្រធានមន្ទីររូបនេះអះអាងថា កត្តាដែលជំរុញឲ្យកសិករទាំងនេះបោះបង់ការផលិតអំបិល គឺដោយសារបញ្ហាអាកាសធាតុ ប្រាក់ឈ្នួលពលកម្មឡើងខ្ពស់ ក្រុមអ្នកផលិតមានវ័យចាស់មិនមានអ្នកស្នងតំណែង និងខ្វះដើមទុនសម្រាប់ផលិតជាដើម។
ទោះយ៉ាងណា លោករំពឹងថា ការផលិតអំបិលឆ្នាំនេះនឹងទទួលបានទិន្នផលខ្ពស់ ដែលអាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ប្រសិនបើអាកាសធាតុអំណោយផល។ បច្ចុប្បន្នខេត្តកែបមានផ្ទៃដីផលិតអំបិលចំនួន៥៥៩ហិកតា។ កាលពីឆ្នាំ២០២២ ខេត្តនេះផលិតអំបិលបានជិត៣ពាន់តោនមានការធ្លាក់ចុះជាង៧០% បើធៀបនឹងឆ្នាំ២០២១ ដែលមានជិត១ម៉ឺនតោន ដោយបានរួមចំណែក១០%ប៉ុណ្ណោះនៃតម្រូវការអំបិលទូទាំងប្រទេស។
បើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី នៅឆ្នាំ២០២២ កម្ពុជាផលិតអំបិលបានប្រមាណ៤ម៉ឺនតោនប៉ុណ្ណោះ ខណៈកម្ពុជាមានតម្រូវការអំបិលសម្រាប់ប្រើប្រាស់ក្នុងរង្វង់១០ម៉ឺនតោនក្នុង១ឆ្នាំ។ ទោះយ៉ាងណាកម្ពុជាមិនបានជួបបញ្ហាខ្វះអំបិលសម្រាប់ប្រើប្រាស់នោះទេ។ គួរបញ្ជាក់ថា ដីស្រែអំបិលមាន៣ប្រភេទ ដោយប្រភេទទី១ជាដីកម្មសិទ្ធិរបស់រដ្ឋ រីឯប្រភេទទីពីរជារបស់រដ្ឋប្រគល់ឲ្យប្រជាពលរដ្ឋធ្វើ និងប្រភេទទី៣ជាដីកម្មសិទ្ធរបស់ឯកជន ដែលដីប្រភេទនេះប្រជាពលរដ្ឋអាចកែប្រែទៅធ្វើអ្វីផ្សេងបាន៕