គម្រោងលំនៅដ្ឋានបែបលំហែកាយដ៏ប្លែកប្រណីត The Palms ក្រោមទុនវិនិយោគសរុបប្រមាណ ១០០លានដុល្លារអាមេរិកនេះ បានធ្វើពិធីបញ្ចុះបឋមសិលា និងដាក់លក់ជាផ្លូវការ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំជាន់ខ្ពស់សាលារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសំណាក់អ្នកវិនិយោគគ្រាក់ៗ ជាច្រើនផងដែរ។
គម្រោងលំនៅដ្ឋានបែប Resort ប្រណីត The Palms នេះ ជាការវិនិយោគរួមគ្នារវាងលោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយក ក្រុមហ៊ុន WorldBridge Land ដែលត្រូវបានមហាជនស្គាល់ យ៉ាងល្បីល្បាញថា ជាអ្នកអភិវឌ្ឍអគារពាណិជ្ជកម្ម និងលំនៅដ្ឋាន The Bridge និង The Peak នៅកណ្ដាលរាជធានីភ្នំពេញ សហការជាដៃគូជាមួយវិនិយោគិនមកពីប្រទេសសិង្ហបុរី ក្រុមហ៊ុន Oxley Holdings Limited ហើយគម្រោងនេះ មានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ១ សាងសង់លើផ្ទៃដីជិត៤ហិចតា នៅជាប់ទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Land បានមានប្រសាសន៍ ថា គម្រោង The Palms ត្រូវបានសាងសង់ឡើងដោយមានលក្ខណៈពិសេសដូចគ្នាទៅនឹងគម្រោង ឌឹផាម នៅប្រទេសកាតា និងសិង្ហបុរី ដែលមានសណ្ឋានរូបរាងដូចជាដើមត្នោត។ គម្រោនេះ ត្រូវបានរចនាឡើងជាអគារប្រភេទវីឡាកូនកាត់ ទំហំ៣១៥ម៉ែត្រការ៉េ មានចំនួន១៩៦ យូនីត ខណៈទំហំ ៣៧៧ម៉ែត្រការ៉េ មានចំនួន៨យូនីត និងសាងសង់លក្ខណៈរីស៊ត បឹងកាឡូមានចំនួន១៦វីឡា។ គ្រាន់តែបើកលក់នៅថ្ងៃទី២ ខែឧសភា គម្រោងប្រណីត The Palms បានលក់អស់ប្រមាណ៥០ភាគរយហើយ នៅក្នុងគម្រោងជំហានទី១។
លោកឧកញ៉ាមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្រៅពីសំណង់អគារ ស្ថិតនៅក្នុងបរិវេណ The Palms មានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មានបង្កើតចំណតយានយន្ដ និងទីកន្លែងកម្សាន្ដជាច្រើនដូចជា៖ សួនច្បារ កន្លែងលំហាត់ប្រាណ កន្លែងរក្សាកាយសម្បទា អាងហែលទឹក សួនកុមារ ផែចំណតម៉ូតូទឹក និងនាវាកម្សាន្ដខ្នាតតូច ឆ្នេរទន្លេលំហែកាយ និងអាហារដ្ឋានជាដើម»។
ទាក់ទងនឹងការអភិវឌ្ឍអគារ The Palms នេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងមានតែការលើកទឹកចិត្តឲ្យមានការអភិវឌ្ឍគម្រោងសាងសង់នានា ពីព្រោះ មិនត្រឹមតែអាចផ្ដល់ប្រយោជន៍ដល់ម្ចាស់គម្រោងនោះទេ ប៉ុន្តែ អ្នករស់នៅជាប់គម្រោងអភិវឌ្ឍន៍ទាំងនោះ ក៏អាចទាញយកអត្ថប្រយោជន៍ពីគម្រោងផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា៖ «ការសាងសង់គម្រោងសាងសង់នានា បានធ្វើមានការអភិវឌ្ឍទីក្រុងផងដែរ។ ការបណ្ដាក់ទុនវិនិយោគនេះ គឺមកពីមានជំនឿជាក់លើគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាល។ អ្នកវិនិយោគមានពេលវេលា និងឱកាសវិនិយោគ បានសាទរ និងគាំទ្រនូវមាតុភូមិរបស់យើង ដែលមានសុខសន្ដិភាពរឹងមាំ និងស្ថិរភាពយូរអង្វែង ដែលធ្វើឲ្យបណ្ដាវិស័យដទៃទៀត មានការរីកចម្រើនឥតឈប់ឈរ។ មុនបោះឆ្នោត កំពុងតែបោះឆ្នោត និងក្រោយការបោះឆ្នោត នៅក្នុងបណ្ដាឆ្នាំកន្លងមកនេះ ក៏មិនមានការប្រែប្រួលធំដុំនោះទេ។ ហើយបច្ចុប្បន្ននេះ ទីផ្សារដីនៅទីកន្លែងណាក៏ដោយ មានការកើនឡើងខ្ពស់ ជាពិសេសនៅខេត្តព្រះសីហនុ ក៏ដូចជាទីក្រុងភ្នំពេញ»។
គម្រោងអភិវឌ្ឍន៍ បុរី ឌឹ ផាម នឹងមានការសាងសង់វីឡាកូនកាត់ចំនួន ២០៤វីឡាជាលក្ខណៈបឹងកាឡូ ១៦វីឡា និងមានកន្លែងចតអូប័រ ជាពិសេស សម្រាប់អ្នកដែលទិញវីឡាបឹងកាឡូ។ ហើយវីឡាទាំងអស់សុទ្ធតែអាចមើលឃើញផ្ទៃទន្លេទាំងអស់ ហើយផ្ទះមានជណ្តើរយន្តសម្រាប់មនុស្សចាស់ផងដែរ។
សូមបញ្ជាក់ថា លោកឧកញ៉ា សៀ ឫទ្ធី ក្រៅពីជាម្ចាស់គម្រោង The Palms លោកឧកញ៉ាដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យអចលនទ្រព្យរូបនេះ ក៏ជាម្ចាស់គម្រោងសាងសង់អគារពាណិជ្ជកម្ម និងលំនៅដ្ឋានកម្ពស់ ៤៥ជាន់ The Bridge និង អគារពាណិជ្ជកម្ម លំនៅដ្ឋាន សណ្ឋាគារ ដែលមានឈ្មោះថា The Peak ដែលគម្រោងទាំងពីរនេះទទួលបានការគាំទ្រ និងមានភាពជោគជ័យយ៉ាងខ្លាំង និងជាម្ចាស់គម្រោងផ្ទះតម្លៃសមរម្យ ទីក្រុងរណប«សិរីមង្គល»៕
តម្លៃលំនៅដ្ឋានប្រណីត ចែកទៅតាមលំដាប់ថ្នាក់ ទំហំ និងប្រភេទ ដូចខាងក្រោមនេះ៖
- ប្រភេទ Cluster House (C1& C1A) មានទំហំ ៣១៥ម៉ែត្រការ៉េ តម្លៃចំនួន ៣៩៩.៩៩៩ ដុល្លារអាមេរិក
- ប្រភេទេ Cluster House (C2 & C2A) មានទំហំ ៣៧៧ ម៉ែត្រការ៉េ តម្លៃចំនួន ៤៤៥.៩៩៩ ដុល្លារអាមេរិក
- ប្រភេទ វីឡា (V1) មានទំហំ ៦៧៧ ម៉ែត្រការ៉េ តម្លៃចំនួន ១,១២០.០០០ ដុល្លារអាមេរិក
- ប្រភេទវីឡា (V2) មានទំហំ ៩៦៥ ម៉ែត្រការ៉េ តម្លៃចំនួន ១.២៥០.៩៩៩ ដុល្លារអាមេរិក
- ប្រភេទវីឡា (V3) មានទំហំ ១០៤៣ ម៉ែត្រការ៉េ តម្លៃចំនួន ១.២៨៧.០៦២ ដុល្លារអាមេរិក
- ប្រភេទវីឡា (V4) មានទំហំ ១០៨៦ ម៉ែត្រការ៉េ តម្លៃចំនួន ១.៣៣៩.៩៩៩ ដុល្លារអាមេរិក។