នេះគឺជាចំណុចមួយដែលបានបញ្ជាក់យ៉ាងច្បាស់ប្រាប់អតិថិជនថា គ្រប់គម្រោងសាងសង់ដោយក្រុមហ៊ុន រើលប្រ៊ីដ ឡែនដ៏ ដែលបានសហការជាមួយនឹងក្រុមហ៊ុន Oxley Holdings មិនមានគម្រោងណាមួយផ្អាក ឬក៏ដំណើរការយឺតយ៉ាវនោះទេ ក្រុមហ៊ុនធ្វើឲ្យទាន់ផែនការ ឬ លឿនមុនផែនការ ដើម្បីអភិវឌ្ឍទៅតាមកិច្ចសន្យាដែលក្រុមហ៊ុនបានធ្វើ។
ការវិនិយោគសាងសង់ អគារ The Peak នេះ ជាការសហការវិនិយោគរួមគ្នារវាង លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដគ្រុប និង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមកពីប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Oxley Holdings ។
អគារ The Peak មានទីតាំងស្ថិតនៅមិនឆ្ងាយពីអគារភ្លោះ The Bridge នោះទេ។ អគារនេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ អគារ The Peak គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។
The Peak បានបោះទុនវិនិយោគទឹកប្រាក់ចំនួន ៥៨០លានដុល្លារអាមេរិក មានកម្ពស់ចំនួន ៥៥ជាន់ ដែលក្នុងនោះមានដូចជា ខុនដូ ផ្សារទំនើប កន្លែងការិយាល័យកម្រិត A មាន ៣៥ជាន់ និង ២០ជាន់ នៅខាងលើ នឹងត្រូវរៀបចំសម្រាប់សណ្ឋាគារលំដាប់ផ្កាយ ៥ ឈ្មោះថា Shangri-La ជាសណ្ឋាគារដ៏ល្បីល្បាញនៅលើពិភពលោក ដែលមកពីទីក្រុងហុងកុង៕