
គម្រោង The Peak បានបោះទុនវិនិយោគទឹកប្រាក់ចំនួន ៥៨០លានដុល្លារអាមេរិក មានកម្ពស់ចំនួន ៥៥ជាន់ ដែលក្នុងនោះ មានខុនដូ ផ្សារទំនើប កន្លែងការិយាល័យកម្រិត A មាន ៣៥ជាន់ និង ២០ជាន់ នៅខាងលើ នឹងត្រូវរៀបចំសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះថា Shangri-La ជាសណ្ឋាគារដ៏ល្បីល្បាញនៅលើពិភពលោក ដែលមកពីទីក្រុងហុងកុង។
ម្ចាស់គម្រោង លោក ឧកញ៉ា សៀ ឫទ្ធី បានអះអាងថា នេះគឺជាចំណុចមួយដែលយើងអាចធ្វើការអះអាងយ៉ាងច្បាស់ប្រាប់អតិថិជនរបស់យើងថា គ្រប់គម្រោងសាងសង់ដោយក្រុមហ៊ុន វើល ប្រ៊ីដ ឡែនដ៍ ដែលបានសហការជាមួយនឹងក្រុមហ៊ុន Oxley Holdings មិនមានគម្រោងណាមួយផ្អាក ឬក៏ដំណើរការយឺតយ៉ាវនោះទេ យើងធ្វើឲ្យទាន់ផែនការ ឬលឿនមុនផែនការ ដើម្បីអភិវឌ្ឍទៅតាមកិច្ចសន្យាដែលក្រុមហ៊ុនបានធ្វើ»។

លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ តាំងពីគម្រោងទី១ ទី២ និងអាចរហូតទី៣ទៀត ដោយសារតែភាពជឿជាក់ ដូច្នេះ ក្នុងនាមខ្ញុំជាអ្នកអភិវឌ្ឍ ខ្ញុំមិនធ្វើឲ្យអតិថិជនខកចិត្តនោះទេ»។
អគារ The Peak មានទីតាំងស្ថិតនៅមិនឆ្ងាយពីអគារភ្លោះ The Bridge នោះទេ។ អគារនេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ អគារ The Peak គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ៕