សាច់បង្កក

សមាគមចិញ្ចឹមសត្វស្នើរដ្ឋផ្អាកការនាំចូលសាច់បង្កកបណ្ដោះអាសន្ន ខណៈតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង


តម្លៃជ្រូករស់នៅកម្ពុជា បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក។ ជាក់ស្ដែងបច្ចុប្បន្នតម្លៃជ្រូករស់នៅតាមតំបន់មួយចំនួនបានធ្លាក់ថ្លៃមកនៅត្រឹម៦ពាន់រៀលក្នុង១គីឡូក្រាម ដែលជាការធ្លាក់ចុះដ៏ទាបមួយ។ ការធ្លាក់ថ្លៃតម្លៃជ្រូករស់នៅកម្ពុជា ជាបន្តបន្ទាប់នៅមួយរយៈកន្លងមកនេះកំពុងបង្កើតជាក្តីព្រួយបារម្ភជាថ្មីដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក និងធ្វើឱ្យប៉ះពាល់ដល់វិស័យសត្វនៅកម្ពុជាទាំងមូល។
ជ្រូករស់ក្នុងស្រុក
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យចិញ្ចឹមសត្វក្នុងស្រុក ជាពិសេសអ្នកចិញ្ចឹមជ្រូកតែម្ដង កំពុងជួបប្រឈមយ៉ាងធ្ងន់ធ្ងរ ដោយសារការបន្តធ្លាក់ចុះតម្លៃជ្រូករស់ជាថ្មីពីប្រមាណ៧ពាន់រៀលមកនៅត្រឹម៦ពាន់រៀលក្នុង១គីឡូក្រាមក្នុងរយៈពេលដ៏ខ្លី។ ការធ្លាក់ចុះតម្លៃជ្រូករស់សាជាថ្មីនេះ ត្រូវបានថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា វាយតម្លៃថា អាចបណ្តាលមកពីកត្តាខាងក្រៅ និងកក្តាខាងក្នុងដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច គួបផ្សំការសេសសល់សាច់បង្កកច្រើននៅក្នុងឃ្លាំង និងការបន្តអនុញ្ញាតឲ្យមានការនាំចូលសាច់បង្កកជាដើម​។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហានេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហានេះ។ បើតាមលោក ស្រ៊ុន ពៅ នៅក្នុងជំនួបនោះ សមាគមបានស្នើឲ្យមានការផ្អាកការនាំចូលសាច់បង្កកជាបណ្ដោះអាសន្ន សំដៅរួមចំណែកជួយលើកស្ទួយវិស័យចិញ្ចឹមសត្វក្នុងស្រុក និងលើកស្ទួយទីផ្សារជ្រូករស់នៅកម្ពុជា។

សម្រាប់លោក ស្រ៊ុន ពៅ ការបន្តអនុញ្ញាតឲ្យមានការនាំចូលសាច់បង្កកពីខាងក្រៅ មិនបានធ្វើឲ្យពលរដ្ឋកម្ពុជាទទួលបានផលចំណេញនោះទេ ដ្បិតសាច់ជ្រូកដែលដាក់លក់នៅលើទីផ្សារនៅតែមានតម្លៃខ្ពស់។ សម្រាប់ប្រធានសមាគមរូបនេះ បើទោះរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹង និងបង្ក្រាបការនាំចូលសត្វ និងសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជាក៏ដោយ ក៏តម្លៃជ្រូករស់ក្នុងស្រុកបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ បើតាមលោក ស្រ៊ុន ពៅ បើសិនក្រសួង-ស្ថាប័នពាក់ព័ន្ធនានា មិនដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលាទេ វិស័យចិញ្ចឹមសត្វនៅកម្ពុជានឹងប្រឈមការធ្លាក់ចុះបន្តទៀត ដោយសារកសិករបោះបង់ការចិញ្ចឹម។

សូមបញ្ជាក់ថា ទោះបីបច្ចុប្បន្នវិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែវិស័យនេះកំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំង ពិសេសបញ្ហានៃការធ្លាក់ចុះតម្លៃ ស្របពេលដែលកម្ពុជាអនុវត្តន៍គោលការណ៍ទីផ្សារសេរី ដោយអនុញ្ញាតឲ្យមានការនាំចូលសាច់បង្កកពីខាងក្រៅ។ បន្ថែមលើនេះ ការនាំចូលប្រភេទសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជា ក៏កាន់តែក្លាយជាបញ្ហាប្រឈមខ្លាំងដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក សេដ្ឋកិច្ច និងសុខភាពរបស់ប្រជាពលរដ្ឋ៕

None



អត្ថបទបន្ទាប់


ល្បែងស៊ីសងខុសច្បាប់កំពុងបង្កការរំខានដល់ល្បែងពាណិជ្ជកម្មស្របច្បាប់ និងផែនការប្រមូលចំណូល

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះសកម្មភាពបើកល្បេងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធអនឡ…

កម្ពុជាចាប់ដៃជាមួយក្រុមហ៊ុន CP ប្រមូលទិញដំឡូងមី ខណៈកសិកររំពឹងតម្លៃដំឡូងមីមានស្ថិរភាព

ក្រុមមហ៊ុន CP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម និងចំណីអាហារដ៏ធំមួយដែលមានមូលដ្ឋាននៅប្រទេសថៃ បានចាប់ដៃគ្នាជាមួយក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ