

វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៣ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយពីវឌ្ឍនភាពនៃកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ទៅកាន់គ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យបរធនបាលកិច្ចរួមមានប្រតិបត្តិករក្នុងទីផ្សារ ក្រុមហ៊ុនដែលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច វិនិយោគិនសក្ដានុពល សមាគមធុរកិច្ចសក្ដានុពលនៅក្នុងប្រទេស និងប្រកាសជាផ្លូវការអំពីអត្ថិភាពនៃទីផ្សារបរធនបាលកិច្ចជាមួយប្រតិបត្តិការពេញលេញ នៅប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។

ពោលមានន័យថា នៅប្រទេសកម្ពុជាយើងចាប់ពីពេលតទៅ វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារបរធនបាលកិច្ចដែលបានចាប់ផ្តើមដំណើរការពេញលេញរបស់ខ្លួន ដោយមាននិយ័តករត្រូវបានបង្កើតឡើងដោយច្បាប់ មានទីផ្សារ មានប្រតិបត្តិករនិងតួអង្គពាក់ព័ន្ធដែលផ្តល់សេវាក្នុងទីផ្សារបរធនបាលកិច្ច មានប្រភេទផលិតផលនិងសេវាកម្មពាក់ព័ន្ធ ។

មានលិខិតបែបបទ បទដ្ឋាន ដើម្បីដំណើរការគ្រប់គ្រងនិងត្រួតពិនិត្យទីផ្សារបរធនបាលកិច្ច ក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ចំពោះមុខអ្នកចូលរួមប្រមាណ ២០០ នាក់ ដែលតំណាងឱ្យស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធ ជាតិ និងអន្តរជាតិជាង ១០០ ស្ថាប័ន ដែលមកពីវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ និងវិស័យច្បាប់។ល។

កម្មវិធីនេះក៏ផ្តោតជាសំខាន់ទៅលើបទបង្ហាញ និងកិច្ចពិភាក្សាអំពីក្របខណ្ឌច្បាប់ ប្រភេទប្រតិបត្តិការបរធនបាលកិច្ចសក្តានុពល និងកាលានុវត្តភាពក្នុងទីផ្សារកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូអគ្គនាយកនិយ័តករមូលបត្រកម្ពុជា ឯកឧត្តមអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ លោក លោកស្រីជាតំណាងប្រតិបត្តិករបរធនបាល ដែលមានជំនាញនិងបទពិសោធច្រើនឆ្នាំ និងមានភ្ញៀវជាតិមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងភ្ញៀវអន្តរជាតិអញ្ជើញមកពីបរទេសផងដែរ៕